អ្នកតាំងទីលំនៅស្តាំនិយមអ៊ីស្រាអែលរាប់សិបនាក់ បានវាយលុកចូលទៅក្នុងបរិវេណវិហារឥស្លាម Al-Aqsa នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ដែលមានកំពែងព័ទ្ធជុំវិញ កាលពីថ្ងៃចន្ទ ក្រោមការអមដំណើរយ៉ាងយកចិត្តទុកដាក់ពីនគរបាលអ៊ីស្រាអែល។
នាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិឥស្លាម ដែលគ្រប់គ្រងវិហារនេះ បាននិយាយថា អ្នកតាំងទីលំនៅ បានចូលទៅក្នុងទីតាំងនោះ តាមរយៈច្រកទ្វារ Bab Al-Magharebah បានទស្សនាទីលាន និងបានធ្វើការអធិស្ឋាន នៅផ្នែកខាងកើត ដោយបានចាត់ទុកទង្វើរបស់ពួកគេថា ជា «ការញុះញង់»។

វិហារ Al-Aqsa ដែលត្រូវបានគេស្គាល់ផងដែរថា ជា Al-Haram Al-Sharif គឺជាកន្លែងពិសិដ្ឋបំផុតមួយនៅក្នុងសាសនាឥស្លាម រួមជាមួយវិហារឥស្លាមនៅទីក្រុង Makkah និង Madinah។ នាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិ បានចេញការព្រមានថា ដំណើរទស្សនកិច្ចដោយអ្នកតាំងលំនៅ នៅទីតាំងនោះ ដែលជនជាតិជ្វីហ្វហៅថា ភ្នំប្រាសាទ មានបំណងបង្កើតការពិតថ្មីមួយ ដែលនឹងបែងចែកទីតាំងសំខាន់នេះ ជាបណ្តោះអាសន្ន និងអចិន្ត្រៃយ៍៕
