ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បានជួបជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth នៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ ។

លោក Hegseth បានស្ថិតនៅកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង(SCM) ក្នុងទីក្រុងសេអ៊ូល ។

កាលពីថ្ងៃចន្ទ លោកបានបំពេញដំណើរទស្សនកិច្ចទៅកាន់តំបន់សន្តិសុខរួម ស្ថិតនៅភូមិសន្តិភាពប៉ាន់មុនជុម ជាមួយរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Ahn Gyu-back ។
នៅក្នុងជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិប្រចាំឆ្នាំ SCM លោក Hegseth បានបញ្ជាក់ឡើងវិញថា លោកប្រធានាធិបតី Donald Trump បានឯកភាពចំពោះការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លអ៊ែររបស់កូរ៉េខាងត្បូង ហើយលោកនិយាយទៀតថា ទីក្រុងវ៉ាស៊ីនតោន និងធ្វើការយ៉ាងជិតស្និតជាមួយទីក្រុងសេអ៊ូលលើកិច្ចខិតខំមួយនេះ ។
ខណៈពេលនោះដែរ ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើការធ្វើឲ្យតួនាទីរបស់កងទ័ពអាមេរិក ២៨.៥០០ នាក់នៅកូរ៉េខាងត្បូងកាន់តែមានភាពបត់បែន ដោយមានគោលបំណងរក្សាតុល្យភាពអំណាចនៅតំបន់អាស៊ី ស្របពេលមានការព្រួយបារម្ភពីសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង និងជុំវិញកោះតៃវ៉ាន់ ៕