លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយលោក Faik YAVUZ ហេរញ្ញិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសហភាពសភាពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញនៃប្រទេសតួកគីយ៉េ (TOBB) ដោយបានលើកទឹកចិត្តឱ្យ TOBB ពិនិត្យលទ្ធភាពពង្រីកសកម្មភាពពាណិជ្ជកម្មជាមួយកម្ពុជា ក៏ដូចជាវិនិយោគទៅក្នុងវិស័យសក្ដានុពលទាំងនោះ។
លោកជំទាវ ចម និម្មល បញ្ជាក់ថា ដើម្បីសម្រួលដល់ការងារនេះ ក្រសួងពាណិជ្ជកម្មនឹងធ្វើការសម្របសម្រួលជំរុញឱ្យមានការរៀបចំវេទិកាផ្គូផ្គងធុរកិច្ច ពិព័រណ៍ពាណិជ្ជកម្ម និងកម្មវិធីជំរុញវិស័យពាណិជ្ជកម្មនានារវាងវិស័យឯកជននៃប្រទេសទាំងពីរ។
នាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា និងតួកគីយ៉េមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងវិស័យសក្ខានុពលមួយចំនួនដូចជា ការកែច្នៃម្ហូបអាហារ កសិកម្ម វេចខ្ចប់ ឧស្សាហកម្ម កម្មន្តសាល ទេសចរណ៍ និងសំណង់។
គួរបញ្ជាក់ថា លោកជំទាវ ចម និម្មល បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Faik YAVUZ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងតួកគីយ៉េ នារសៀលថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅការិយាល័យសហភាពសភាពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញនៃប្រទេសតួកគីយ៉េ៕





