នាព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៨ - 8th China International Import Expo» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិសៀងហៃ ទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Li Qiang នាយករដ្ឋមន្ត្រីចិន ឯកឧត្តមនាយករដ្ឋមន្ត្រី Georgia ឯកឧត្តមនាយករដ្ឋមន្ត្រីសែប៊ី និងមានការចូលរួមពីតំណាងប្រទេសចូលរួមទាំង ១៥០ ប្រទេស/តំបន់ និងអង្គការអន្តរជាតិ ដូចជា អង្គការពាណិជ្ជកម្មពិភពលោក WTO, មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ITC, UNDP, UNCTAD, FAO និង UNIDO ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ៥-១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «យុគសម័យថ្មី អនាគតរួម» ដោយមានអ្នកចូលរួមតាំងបង្ហាញបរទេសប្រមាណជាង ៤ ០០០ ហើយ ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏ធំមួយរបស់ប្រទេសចិន ដើម្បីគាំទ្រដល់ការធ្វើសេរីភាវូពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល ដើម្បីបើកទូលាយនូវទីផ្សារប្រទេសចិនទៅកាន់ពិភពលោក៕




