កំពង់ឆ្នាំង : ឯកឧត្តម គឹម វាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់កណ្តាលចុះឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំកោះថ្កូវ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំពិធីប្រណាំងទូកង ដែលបានធ្វើឡើងនៅក្នុងភូមិតាមុលលើ ឃុំកោះថ្កូវ ស្រុកជលគីរី ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ឆ្នាំ២០២៥ ។
ក្នុងឆ្នាំ២០២៥នេះ បើទោះជាមិនបានធ្វើពិធីប្រណាំងទូកធំនៅមុខព្រះបរមរាជវាំងក៏ដោយ ក៏ប្រជាជននៅតាមមូលដ្ឋាន បានរៀបចំពិធីប្រណាំងទូកនៅតាមមូលដ្ឋានផងដែរ ដើម្បីអោយយុវជនជំនាន់ក្រោយបានស្គាល់ និងបានដឹងនូវប្រពៃណីទំនៀមទំលាប់របស់ខ្មែរតាំងពីបូរាណ។ ប្រជាជនឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំ បានធ្វើពិធីប្រណាំងទូកនៅឆ្នាំនេះ មានទូកងចូលរួមមកពីបណ្តាឃុំជាច្រើននៅក្នុងស្រុកជលគីរី និងបានបង្ហាញនូវភាពសប្បាយរីករាយក្នុងម្លប់សុខសន្តិភាពផងដែរ៕ កាំង ហុងវាស្នា






