ភ្នំពេញ ៖ ប្រជាពលរដ្ឋបានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងវីរកងទ័ព ដែលបានខិតខំស្វែងរកសុខសន្តិភាពបានឡើងវិញដល់កម្ពុជា អាចឲ្យពួកគេបានដើរលេងកម្សាន្ត យ៉ាងសប្បាយរីករាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ។
ក្នុងពេលមកលេងកម្សាន្ត នៅមុខព្រះបរមរាជវាំង ក្នុងថ្ងៃបុណ្យអុំទូកទី៣ ប្រជាពលរដ្ឋបានលើកឡើងថា ភាពសប្បាយរីករាយនាពេលនេះ មិនអាចកាត់ផ្ដាច់បាន ពីការលះបង់យ៉ាងធំធេង នៃវីរកងទ័ពកម្ពុជា បានឈរការពារទឹកដីក្នុងស្មារតីរឹងមាំមុះមុត ឆន្ទៈអងអាចក្លាហាន ទើបធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពឡើងវិញ ។
ប្រជាពលរដ្ឋ បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្ដារសន្តិភាពឡើងវិញនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀមសន្តិភាពរវាងកម្ពុជា-ថៃ បានយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយសុចរិកភាព។ ជាមួយនេះ ពួកគេក៏បានជំរុញឲ្យប្រទេសថៃ ដោះលែងកងទ័ពខ្មែរទាំង ១៨រូប ព្រោះប្រជាពលរដ្ឋខ្មែរ ជាពិសេសគ្រួសាររបស់ពួកគាត់ កំពុងរងចាំដោយភាពនឹករលឹកជាទីបំផុត ។
គួរបញ្ជាក់ថា រយៈពេលជាង១០ថ្ងៃហើយ ដែលកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ បានធ្វើឡើងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពសាក្សី ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងមានការគាំទ្រយ៉ាងពេញទំហឹងពីរសហគមន៍អន្តរជាតិ៕
អត្ថបទ បាន សុខរិទ្ធិ








