អ្នកគាំទ្រប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ជាង ១០.០០០នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Belgrade កាលពីថ្ងៃពុធ (ទី៥ ខែវិច្ឆិកា) ដើម្បីគាំទ្រគោលនយោបាយរបស់លោក បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអស់រយៈពេល ១ឆ្នាំ។
ដោយបានប្រមូលផ្តុំ នៅមុខរដ្ឋសភា អ្នកគាំទ្រលោក Vucic ដែលភាគច្រើនបានធ្វើដំណើរទៅកាន់រដ្ឋធានីនេះតាមរថយន្តក្រុងដែលរៀបចំដោយគណបក្សរបស់លោក Vucic បានគ្រវីទង់ជាតិ ហើយស្រែកថា «Vucic, ប្រជាជនស៊ែរប៊ី» និង «ប្រទេសស៊ែរប៊ី» ខណៈដែលឧបករណ៍បំពងសម្លេងបានចាក់ចម្រៀងស្នេហាជាតិ។
ប្រធានសភា លោកស្រី Ana Brnabic ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់លោក Vucic បាននិយាយទៅហ្វូងមនុស្សដែលចូលរួមថា៖ «អ្នកទាំងអស់គ្នាគឺជាអ្នកការពារសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ»។
គួរបញ្ជាក់ថា បើយោងតាមតាមសាក្សីបានប្រាប់សារព័ត៌មាន Reuters ថា ការប្រមូលផ្តុំនេះ គឺជាការជួបជុំគាំទ្ររដ្ឋាភិបាលដ៏ធំបំផុត រហូតមកដល់ពេលនេះ នៅឆ្នាំនេះ ដោយមានអ្នកចូលរួមជាង ១០.០០០នាក់។ ហើយសាក្សីទាំងនោះបានបន្ថែមថា តែហ្វូងមនុស្សនេះមានចំនួនតិចជាងបាតុករប្រឆាំងអំពើពុករលួយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ជាការជួបជុំដែលបានទាក់ទាញនិស្សិត និងសកម្មជនរាប់ម៉ឺននាក់។
ការតវ៉ាបានចាប់ផ្តើមកាលពី ១ឆ្នាំមុន បន្ទាប់ពីដំបូលស្ថានីយ៍រថភ្លើងមួយ បានបាក់នៅក្នុងទីក្រុង Novi Sad ភាគខាងជើង ដោយបានសម្លាប់មនុស្ស ១៦នាក់។ ឧបទ្ទវហេតុនេះបានបញ្ឆេះកំហឹងជាសាធារណៈពាក់ព័ន្ធនឹងអំពើពុករលួយ និងកង្វះគណនេយ្យភាព ដោយគួបផ្សំជាមួយនឹងដំណើរការកាត់ទោសមិនឃើញមានកើតឡើង ចំពោះអ្នកត្រូវទទួលខុសត្រូវ នៅមួយឆ្នាំក្រោយមក៕