រដ្ឋាភិបាលរបស់ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃពុធ (ទី៥ ខែវិច្ឆិកា) បានបដិសេការកំណត់របស់សហរដ្ឋអាមេរិក ដែលថា ខ្លួនគឺជា «ប្រទេសគួរឲ្យបារម្ភជាពិសេស» ជុំវិញការរំលោភសិទ្ធិសេរីភាពខាងសាសនា ដោយបញ្ជាក់ថា ចំណាត់ការនេះ គឺផ្អែកលើព័ត៌មានមិនពិត និងទិន្នន័យខុស។
លោកប្រធានាធិបតី Donald Trump កាលពីសប្តាហ៍មុន បានដាក់នីហ្សេរីយ៉ាឡើងវិញទៅក្នុងបញ្ជីប្រទេស ដែលសហរដ្ឋអាមេរិក ចាត់ទុកថា បានរំលោភលើសេរីភាពសាសនា ហើយលោកបានប្រាប់កាលពីថ្ងៃសៅរ៍ថា លោកបានស្នើសុំឲ្យក្រសួងការពារជាតិរៀបចំត្រៀម សម្រាប់លទ្ធភាពនៃការមានវិធានការយោធា «យ៉ាងលឿនរហ័ស» ប្រសិនបើនីហ្សេរីយ៉ាមិនបង្ក្រាបការសម្លាប់លើគ្រិស្តបរិស័ទទេនោះ។
ការសម្រេចរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការកំណត់នីហ្សេរីយ៉ាថា ជាប្រទេសរំលោភលើសេរីភាពសាសនា បានធ្វើឲ្យទំនាក់ទំនងការទូត រវាងប្រទេសទាំង២ ជួបនឹងភាពតានតឹង។
ជាការការពារកំណត់ត្រារបស់នីហ្សេរីយ៉ា លោក Mohammed Idris រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រាប់សន្និសីទសារព័ត៌មានថា ការគំរាមរបស់លោក Trump ក្នុងការមានវិធានការយោធា គឺគ្មានហេតុផលសមរម្យ និងបានបង្ហាញមិនបានត្រឹមត្រូវពីបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ស្មុគស្មាញរបស់ប្រទេសនីហ្សេរីយ៉ា។
លោក Idris បានបន្ថែមថា៖ «ការរៀបរាប់រឿងរ៉ាវណាមួយដែលបង្ហាញថា រដ្ឋនីហ្សេរីយ៉ា មិនអាចចាត់វិធានការប្រឆាំងនឹងការវាយប្រហារផ្នែកសាសនា គឺផ្អែកលើព័ត៌មានមិនពិត ឬទិន្នន័យខុស»៕