អ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានបំផ្លាញផ្ទះសម្បែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឥឡូវនេះកំពុងព្យាយាមស្វែងរកទីជម្រក ខណៈពួកគេប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង និងអាកាសធាតុត្រជាក់នារដូវរងា។
កង្វល់របស់ពួកគេក៏មិនខុសពីបណ្ដាអ្នកដែលបានរួចរស់ជីវិតពីការរញ្ជួយដីដ៏សាហាវកាលពីរយៈពេលជាងពីរខែមុនដែរ ។
យោងតាមក្រុមអាជ្ញាធរតាលីបង់ គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រចុងក្រោយនេះ បានវាយប្រហារខេត្តភាគខាងជើង Samangan និង Balkh កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់។
នៅក្នុងស្រុក Khulm របស់ខេត្ត Samangan ដែលជាចំណុចកណ្ដាលនៃការរញ្ជួយ អ្នកស្រុកម្នាក់ឈ្មោះ Gulabuddin កំពុងសោកសៅចំពោះកូនប្រសារបស់លោកដែលមិនអាចគេចចេញពីផ្ទះបានទាន់ពេលវេលា អំឡុងការរញ្ជួយដីនោះ។
លោកបាននិយាយថា ពួកលោកបានបាត់បង់ទ្រព្យសម្បត្តិទាំងអស់ ហើយពេលនេះ រដូវរងាចូលមកដល់ហើយ ដោយមិនដឹងថាត្រូវទៅណា និងទ្រាំក្នុងរដូវរងាយ៉ាងណា។ គ្រួសារលោកបានស្នាក់នៅជាមួយសាច់ញាតិរយៈពេលពីរយប់ហើយ ។
ការបំផ្លិចបំផ្លាញស្រដៀងគ្នានេះក៏ត្រូវបានគេមើលឃើញផងដែរនៅភាគខាងកើតអាហ្វហ្គានីស្ថានបន្ទាប់ពីការរញ្ជួយដីកម្រិត ៦ រ៉ិចទ័រកាលពីចុងខែសីហាឆ្នាំនេះ ដែលបានសម្លាប់មនុស្សជាង២.២០០នាក់ ជាគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រអាហ្វហ្គានីស្ថាននាពេលថ្មីៗនេះ៕