មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា សមត្ថភាពជើងហោះហើរដែលបានកំណត់កាលបរិច្ឆេទ ត្រូវបានកាត់១០ភាគរយនៅក្នុងតំបន់ចរាចរណ៍ផ្លូវអាកាសដ៏មមាញឹកចំនួន៤០តំបន់នៅទូទាំងប្រទេស នៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកានេះ ខណៈការបិទរដ្ឋាភិបាលមានរយៈពេលយូរបំផុតនៅបានអូសបន្លាយពេល។

ទីភ្នាក់ងារសហព័ន្ធ បានរងផលប៉ះពាល់ចំពោះការផ្អាកចាប់តាំងពីសភាបរាជ័យក្នុងការអនុម័តការផ្តល់មូលនិធិ កាលពីថ្ងៃទី៣០ ខែកញ្ញា ដោយបុគ្គលិកសហព័ន្ធប្រហែល១,៤លាននាក់ មានចាប់ពីអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរហូតដល់អ្នកថែសួរនៅតែឈប់សម្រាកដោយបង្ខំ ឬត្រូវធ្វើការដោយគ្មានប្រាក់ឈ្នួល។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា «នឹងមានការកាត់បន្ថយ១០ភាគរយនៃសមត្ថភាព៤០ទីតាំងក្នុងចំណោមទីតាំងទាំងអស់របស់យើង» ហើយវានឹងចូលជាធរមាននៅថ្ងៃសុក្រនេះ។
ប្រភពមួយបានប្រាប់សារព័ត៌មាន ABC News ថា ជើងហោះហើរអន្តរជាតិនឹងមិនរងផលប៉ះពាល់ដោយវិធានការនេះទេ ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ការកាត់បន្ថយជើងហោះហើរនឹងចាប់ផ្តើម៤ភាគរយនៅថ្ងៃសុក្រនេះ ហើយបន្តបន្ទាប់រហូតឈានដល់១០ភាគរយ។
យោងតាមការិយាល័យសេវាតាមដានជើងហោះហើរ FlightAware បានឱ្យដឹងថា ជើងហោះហើរជាង ១០.០០០វ៉ុល ទៅឬមក ពីសហរដ្ឋអាមេរិកបានជួបប្រទះការពន្យារពេលកាលពីចុងសប្តាហ៍កន្លងទៅនេះ។