ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ជឿជាក់ថា ទីក្រុងវ៉ាស៊ីនតោន មូស្គូ និងប៉េកាំង អាចព្រមព្រៀងគ្នា ដើម្បីកាត់បន្ថយអាវុធនុយក្លេអ៊ែរ។

លោកបានបញ្ជាក់នៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសអាស៊ីកណ្តាលចំនួន ៥ នៅសេតវិមានថា៖ «ខ្ញុំគិតថា អ្វីមួយដូចដែលបានលើកឡើងនោះ អាចកើតឡើង គឺការលុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយធ្វើអត្ថាធិប្បាយលើលទ្ធភាពដែលសហរដ្ឋអាមេរិក រុស្ស៊ី និងចិន អាចកាត់បន្ថយអាវុធនុយក្លេអ៊ែរ។

មេដឹកនាំអាមេរិករូបនេះ បានចង្អុលបង្ហាញថា៖«ខ្ញុំគិតថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរ នឹងជារឿង ដ៏អស្ចារ្យ។ ខ្ញុំបាននិយាយជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង អំពីរឿងនេះ ហើយមនុស្សគ្រប់គ្នា ចង់ចំណាយប្រាក់ទាំងអស់នោះទៅលើកិច្ចការផ្សេងទៀត ពោលគឺកិច្ចការដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន នាពេលបច្ចុប្បន្ន»។
លោក ត្រាំ បានសង្កត់ធ្ងន់ថា៖«គោលការណ៍របស់ខ្ញុំ គឺការលុបបំបាត់អាវុធនុយក្លេអ៊ែរ ពីព្រោះយើងមាន [អាវុធ] នុយក្លេអ៊ែរគ្រប់គ្រាន់រួចហើយ»៕