កសិករដំណាំស្រូវនៅសង្កាត់ Phong Dien ស្ថិតក្នុងទីក្រុង Hue របស់ប្រទេសវៀតណាម មានការព្រួយបាម្ភពីភ្លៀងធ្លាក់បន្ថែមទៀត នឹងធ្វើឲ្យប៉ះពាល់តំបន់សហគមន៍លិចលង់ស្រាប់ មុនពេលការបោកបក់ដល់ដីគោករបស់ព្យុះ Kalmaegi ។ ព្យុះមួយនេះ បានបោកបក់ដល់ដីគោកនៅវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
ក្នុងរយៈពេលជាង ១សប្តាហ៍ប៉ុណ្ណោះ ទីក្រុង Hue ទទួលការជន់លិចធ្ងន់ធ្ងរ ៣លើក ហើយនិងបានជន់លិចផ្លូវជាច្រើនខ្សែ ធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែងរាប់ម៉ឺនខ្នង ។
ទឹកជំនន់នេះដែរបង្កការខូចខាតដល់សំណង់ជាច្រើន និងទីតាំងបុរាណនៅក្នុងទីក្រុង Hue រួមទាំងផ្នូរបុរាណ និងបូជនីយដ្ឋាន ។

អ្នកស្រី Tran Thi Hieu គឺជាកសិករដំណាំស្រូវមួយរូប និយាយខណៈពេលគាត់រកត្រីនៅតាមវាលស្រែរងការជន់លិចសម្រាប់ធ្វើម្ហូបពេលល្ងាចថា អ្នករាល់គ្នាចង់ឲ្យទឹកស្រកទៅវិញ ដើម្បីឲ្យពួកយើងអាចធ្វើកសិកម្មឡើងវិញបាន ។ អ្នកស្រីបន្តថា បើសិនជាវាបន្តជន់លិចបែបនេះ គ្មាននរណាម្នាក់អាចរស់នៅបាននោះទេ ។
សារព័ត៌មានរដ្ឋវៀតណាម រាយការណ៍ថា ព្យុះទីហ្វុង Kalmaegi បានសម្លាប់មនុស្សយ៉ាងហោច ៥នាក់ នៅប្រទេសវៀតណាម ក្រោយវាបោកបក់លើខេត្តភាគកណ្តាល និងខេត្តខ្ពស់ របស់ប្រទេសវៀតណាម ៕
