ប្រទេសទួរគីនិយាយថា ខ្លួនបានចេញដីកាចាប់ខ្លួនពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលផ្សេងទៀត។
យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រពីការិយាល័យរដ្ឋអាជ្ញាទីក្រុងអ៊ីស្តង់ប៊ុលបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យចំនួន៣៧នាក់ដែលបានចុះបញ្ជី រួមមានរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz រដ្ឋមន្ត្រីសន្តិសុខជាតិលោកItamar Ben-Gvir និងមេបញ្ជាការកងទ័ពលោក Eyal Zamir ។
ប្រទេសទួរគី បានចោទប្រកាន់មន្ត្រីទាំងនេះពីបទ «អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដែលអ៊ីស្រាអែលបាន «ប្រព្រឹត្តិជាប្រព័ន្ធ» នៅក្នុងសង្គ្រាមរបស់ខ្លួននៅតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ។
ការវាយប្រហារកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ទៅលើមន្ទីរពេទ្យ al-Ahli Baptist បានឆក់យកជីវិតមនុស្ស៥០០នាក់ ហើយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ទាហានអ៊ីស្រាអែលបានបំផ្លាញឧបករណ៍វេជ្ជសាស្ត្រដោយចេតនា។ តំបន់ហ្កហ្សាត្រូវបានដាក់នៅក្រោមការបិទផ្លូវ ហើយជនរងគ្រោះត្រូវបានបដិសេធមិនឲ្យទទួលបានជំនួយមនុស្សធម៌។