
កូរ៉េ៖ អតីតប្រធានសភាសហរដ្ឋអាមេរិក លើកសរសើរមេដឹកនាំកម្ពុជា សម្តេចតេជោហ៊ុន សែន ដែលជាអ្នកស្នេហាជាតិមួយរូបបានប្តូរផ្តាច់ជាមួយកិច្ចសន្ទនា ហើយបាននាំប្រទេសកម្ពុជាចេញពីសង្គ្រាមស៊ីវិលដ៏អាក្រក់។
លោកបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរឱ្យមានមោទនភាពណាស់ ពីព្រោះសម្តេចតេជោបានឆ្លងកាត់ជាបុរសវ័យក្មេង និងនៅតែបន្តព្យាយាមដើម្បីសន្តិភាពប្រទេស ទោះនៅពេលសម្តេចហាក់ដូចជាអស់សង្ឃឹមក៏ដោយ។
ឯកឧត្តម Newton Leroy Gingrich អតីតប្រធានសភាតំណាងរាស្ត្រទី ៥០ របស់សហរដ្ឋអាមេរិក ពីឆ្នាំ១៩៩៥ ដល់ ១៩៩៩ ថ្លែងក្នុងឱកាសពិធីប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ កាលពីព្រឹកម៉ិញបានលើកឡើងថា «ពេលវេលាដែលយើងកំពុងស្ថិតនៅនេះ គឺមានការប្រឈមណាស់ ប៉ុន្តែ ជួនកាលវាគួរឱ្យកត់សម្គាល់។ យើងបានស្តាប់ឮឧទារហរណ៍ពីកិច្ចខិតខំប្រឹងប្រែងទាំងស្រុងស្តីពីការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក បានកាត់បន្ថយអត្រាស្លាប់របស់ក្មេងយ៉ាងច្រើន។ អ្នកបានឮអំពីមនុស្សមានទេពកោសល្យ ដែលបានចំណាយពេល និងបានបង្កើតឱកាសសម្រាប់ពានរង្វាន់ពេញមួយជីវិតនេះ ដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ ១៩។ »
លោកបន្តថា « អ្នកបានឮពីអ្នកស្នេហាជាតិមួយរូបគឺសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្តូរផ្តាច់ជាមួយកិច្ចសន្ទនា ហើយជាអ្នកដែលបាននាំប្រទេសគាត់ចេញពីសង្គ្រាមស៊ីវិលដ៏អាក្រក់។ មានជំងឺផ្សេងទៀត និងចំនួនក្មេងដែលបានស្លាប់ ពីជំងឺគ្រុនចាញ់ជាដើម។
នៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់លោក ដែលគួរតែមានឱកាសដ៏អស្ចារ្យនោះ យើងបាត់បង់មនុស្សប្រហែល ៤៦.០០០នាក់ ក្នុងមួយឆ្នាំ ដោយសារគ្រឿងញឿន និង ៤៦.០០០នាក់ ផ្សេងទៀតធ្វើអត្តឃាត។
វាសំខាន់ណាស់ ដែលត្រូវត្រឡប់ទៅរកសារដ៏មានសារៈសំខាន់ដែលថា យើងជាគ្រួសាររបស់ក្មេង និងព្រះ។ »
លោកបញ្ជាកថា « វាសំខាន់ណាស់ដែលយើងត្រូវទាក់ទង និងលើកទឹកចិត្តមនុស្សវ័យក្មេង។ ប្រសិនបើយើងអាចជ្រើសរើសមនុស្សវ័យក្មេងបានគ្រប់គ្រាន់ឱ្យដឹងពីភាពខុសគ្នាអីខ្លះ ដែលពួកគេអាចធ្វើបាន មិនថានៅក្នុងតន្ត្រី ឬ វេជ្ជសាស្ត្រ ឬ ទៅក្នុងអវកាស ឬច្នៃប្រឌិតរបស់ថ្មីៗ មិនថាអ្វីក៏ដោយ គឺថា ពួកគេគួរតែស្វែងរកជីវិតដែលផ្តល់នូវក្តីរីករាយ ប្រណាំងប្រជែងពួកគេ និងផ្តល់ឱ្យពួកគេនូវអនាគតកាន់តែប្រសើរ។ សម្ព័ន្ធមិត្តវ៉ាក់សាំងគឺអស្ចារ្យ វាអស្ចារ្យដោយសារវានាំឱ្យអ្នកដែលមានធនធាន ជួយអ្នកដែលគ្មាន។ »
លោកបន្ថែមថា « ប្រសិនបើអ្នកមើលបទបង្ហាញ និងសន្ទរកថានៅថ្ងៃនេះ យើងទាំងអស់គ្នាអាចរៀនមេរៀន ដើម្បីបង្កើតអនាគតមួយកាន់តែប្រសើរ ដើម្បីទទួលស្គាល់ថា យើងគឺជាគ្រួសារមនុស្សតែមួយ នៅក្រោមព្រះ។
សន្តិភាព វិបុលភាព សុវត្ថិភាព និងសេរីភាពគឺអាចទៅរួច ហើយខ្ញុំចង់និយាយថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរឱ្យមានមោទនភាពណាស់ ពីព្រោះលោកដឹងពីអ្វីដែលសម្តេចតេជោត្រូវឆ្លងកាត់ជាបុរសវ័យក្មេង និងរបៀបដែលគាត់បន្តព្យាយាមសូម្បីនៅពេលគាត់ហាក់ដូចជាអស់សង្ឃឹម។
ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាគ្រឹះនៃអនាគតនៃសន្តិភាព វិបុលភាព សុវត្ថិភាព និងសេរីភាពនោះ។ លោកក៏បានរំលឹកអំពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត ៣៦៥ ថ្ងៃ ក្នុងមួយឆ្នាំ របស់បណ្ឌិត Hak Ja Han Moon ដែលជំរុញឱ្យយើងដើរទៅមុខ និងបង្កើតឱកាសដើម្បីនាំជាតិសាសន៍មនុស្សរួមគ្នាផងដែរ៕

