ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួន បានធ្វើការវាយប្រហារគ្រាប់បែកចង្កោមជាច្រើន ដោយបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធា និងកងកម្លាំងអ៊ុយក្រែន ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា កងកម្លាំងរបស់ខ្លួន បានប្រើប្រាស់អាវុធវាយប្រហារគោលដៅជាក់លាក់កម្រិតខ្ពស់ និងយានដ្រូនវាយប្រហារ ដើម្បីធ្វើការវាយប្រហារចង្កោមចំនួន ៧គ្រាប់ ទៅលើទីតាំងឧស្សាហកម្មការពារជាតិអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន និងថាមពលគាំទ្ររបស់ពួកគេ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយោធា អាកាសយានដ្ឋានយោធា មូលដ្ឋានជួសជុលអាវុធ កន្លែងផ្ទុកយានដ្រូន កន្លែងដំឡើង និងបាញ់បង្ហោះ និងទីតាំងដាក់ពង្រាយបណ្តោះអាសន្នរបស់កងកម្លាំងអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស។
ក្រសួងបានបញ្ជាក់ថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើទីតាំងស៊ីវិលរបស់រុស្ស៊ី។
នៅថ្ងៃដដែលនោះ អគ្គសេនាធិការអ៊ុយក្រែន លោក Andrii Hnatov បាននិយាយថា ទិសដៅនៃ តំបន់ Pokrovsk ដែលត្រូវបានគេស្គាល់ថា Krasnoarmeysk នៅក្នុងប្រទេសរុស្ស៊ី នៅតែជាសមរភូមិជួរមុខដែលមានការប្រយុទ្ធគ្នាដ៏ច្រើនបំផុត៕