ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅរាត្រីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពសិល្បៈទីក្រុងស្អាត ដែលធ្វើឡើងនៅបរិវេណមុខអគារសាលាខេត្តចាស់ ដោយមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករបានចូលរួមទស្សនាកម្សាន្តសប្បាយរីករាយ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះអង្គការហ្វារពន្លឺសិល្បៈ ក្រុមសិល្បករជាតិ-អន្តរជាតិ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សដែលបានចូលរួមក្នុងកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍មហោស្រពសិល្បៈទីក្រុងស្អាតដែលធ្វើឱ្យក្រុងបាត់ដំបងកាន់តែមានភាពរស់រវើក។
ឯកឧត្តមបញ្ជាក់បន្ថែមថា ខេត្តបាត់ដំបង គឺជាខេត្តនៃសិល្បៈ និងវប្បធម៌ ជាក់ស្ដែងសិល្បករ សិល្បការិនី តារាចម្រៀង តារាសម្ដែងភាគច្រើនកើតចេញពីខេត្តបាត់ដំបង ដូច្នេះរដ្ឋបាលខេត្តបានសម្រេចបង្កើតឱ្យមានសួនសិល្បៈដែលមានទីតាំងចាប់ពីស្ពានសម្ដេចក្រឡាហោម ស ខេង រហូតដល់ស្ពានថ្មថ្មី ក្រុងបាត់ដំបងដែលក្រុមការងារកំពុងពន្លឿនការរៀបចំដើម្បីដាក់តាំងបង្ហាញរូបសំណាកកវីនិពន្ធ សិល្បករ សិល្បការិនី អ្នកចម្រៀងដែលបានបាត់បង់ជីវិតទៅហើយមានដើមកំណើតជាអ្នកខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ បន្ថែមថា រដ្ឋបាលខេត្តនឹងខិតខំចូលរួមសហការគាំទ្រ និងសង្ឃឹមថា អង្គការហ្វារពន្លឺសិល្បៈនឹងរៀបចំព្រឹត្តិការណ៍មហោស្រពសិល្បៈទីក្រុងស្អាតនៅពេលបន្តបន្ទាប់ទៀត។
សូមរំលឹកថា អង្គការហ្វាពន្លឺសិល្បៈ បានរៀបចំមហោស្រពសិល្បៈទីក្រុងស្អាតលើកទី៤ នៅក្នុងក្រុងបាត់ដំបង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ វប្បធម៌ចម្រុះពណ៌ ដើម្បីអបអរភាពសម្បូរបែបនៃសិល្បៈ ជំរុញវិស័យទេសចរណ៍និងពង្រឹងអត្តសញ្ញាណខេត្តបាត់ដំបងជាមជ្ឈមណ្ឌលវប្បធម៌ដ៏រស់រវ៉ើក។មហោស្រពសិល្បៈទីក្រុងស្អាតបានបង្ហាញទម្រង់សិល្បៈជាច្រើនរួមមាន៖ហ៊ីបហប គំនូរលើជញ្ជាំង ការដង្ហែក្បួនតុក្ដាយក្ស និងការប្រគំតន្រ្តីដ៏អស្ចារ្យ។ មហោស្រពសិល្បៈទីក្រុងស្អាត គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តសប្បាយនៅខេត្តបាត់ដំបង អមជាមួយព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ៕







