កោះតៃវ៉ាន់ បានចេញការព្រមានអំពីព្យុះនៅថ្ងៃអង្គារ (១១ វិច្ឆិកា) នេះ និងបានជម្លៀសមនុស្សជាង ៣.០០០នាក់ហើយ មុនពេលការមកដល់នៃព្យុះទីហ្វុង Fung-wong ដែលកំពុងចុះខ្សោយកម្លាំង និងត្រូវបានរំពឹងថា អាចបង្កភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាលើតំបន់ភ្នំនៃឆ្នេរភាគខាងកើតរបស់កោះនេះ។

ព្យុះ Fung-wong ត្រូវព្យាករថានឹងបោកបក់ដល់ដីគោកលើឆ្នេរភាគនិរតីរបស់កោះតៃវ៉ាន់ ជុំវិញក្រុងកំពង់ផែ Kaohsiung នៅថ្ងៃពុធស្អែកនេះ បន្ទាប់ពីបានឆ្លងកាត់ប្រទេសហ្វីលីពីន ក្នុងនាមជាប្រព័ន្ធព្យុះដ៏ខ្លាំងក្លា និងបានសម្លាប់មនុស្សមួយចំនួន។
ក្រោយមកទៀត ព្យុះនេះត្រូវបានរំពឹងថានឹងរំកិលឆ្លងកាត់ផ្នែកខាងក្រោមនៃកោះតៃវ៉ាន់ ហើយចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក តាមបណ្តោយឆ្នេរសមុទ្រនៃស្រុកភាគខាងកើត Taitung និង Hualien ដែលមានប្រជាជនរស់នៅតិច។
មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានព្រមានប្រាប់អ្នកស្រុកមិនឱ្យធ្វើដំណើរទៅកាន់តំបន់ភ្នំ ឬទៅឆ្នេរសមុទ្រ ឬតំបន់ណាដែលអាចមានគ្រោះថ្នាក់ឡើយ។ ស្រុក Hualien បានបិទសាលារៀន និងអគារការិយាល័យនៅថ្ងៃអង្គារនេះ ក៏ដូចជាស្រុកជិតខាង Yilan ផងដែរ ដើម្បីទប់ទល់ព្យុះ៕

