សន្និសីទប្រចាំឆ្នាំលើកទី៣០របស់អង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ (COP30) បានចាប់ផ្តើមនៅក្នុងទីក្រុង Belem ប្រទេសប្រេស៊ីល ដោយមេដឹកនាំនានាបានអំពាវនាវឱ្យប្រទេសចូលរួមមានចំណាត់ការរួមគ្នាប្រឆាំងការកើនឡើងកម្តៅផែនដី។

ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ លោក Simon Stiell បាននិយាយទៅកាន់ក្រុមប្រតិភូ កាលពីថ្ងៃច័ន្ទថា «នៅលើឆាកនៃសន្និសីទប្រចាំឆ្នាំលើកទី៣០របស់អង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ (COP30) ការងាររបស់អ្នកនៅទីនេះគឺពុំមែនដើម្បីប្រឆាំងគ្នាទៅវិញទៅមកនោះទេ ការងាររបស់អ្នកនៅទីនេះគឺដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុទាំងអស់គ្នា» ។

មនុស្សប្រហែល ៥០.០០០នាក់មកពីជាង១៩០ប្រទេស ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍រយៈពេល១២ថ្ងៃដែលត្រូវបានប្រារព្ធឡើងនៅតំបន់ព្រៃទឹកភ្លៀងអាម៉ាហ្សូនប្រទេសប្រេស៊ីល។
អ្នកគ្រប់គ្រងអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ថាប្រទេសនានានឹងត្រូវចំណាត់ការ «បានច្រើនកាន់តែលឿនជាងនេះ» ក្នុងការជំរុញឲ្យថយចុះការបំភាយឧស្ម័នផ្ទះកញ្ចក់។ លោកបាននិយាយថា «ភាពសោកស្តាយ មិនមែនជាយុទ្ធសាស្ត្រទេ យើងចាំបាច់ត្រូវការដំណោះស្រាយ»។
ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងខណៈការវិភាគថ្មីរបស់អង្គការសហប្រជាជាតិអំពីផែនការអាកាសធាតុរបស់ប្រទេសនានា បានរកឃើញថាការកាត់បន្ថយដែលបានសន្យាគឺនៅខ្វះឆ្ងាយតាមដែលដែលត្រូវការនៅឆ្នាំ២០៣៥ដើម្បីកំណត់សីតុណ្ហភាព១,៥អង្សាសេ លើសពីសីតុណ្ហភាពមុនឧស្សាហកម្ម។