អ៊ុយក្រែន៖ មានប្រទេសជាង ១០ ហើយដែលបានជំរុញដល់ពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពីប្រទេសអ៊ុយក្រែន ស្របពេលមានការព្រមានជាច្រើនពីប្រទេសមហាអំណាចលោកខាងលិចថា រុស្ស៊ីអាចនឹងឈ្លានពានចូលអ៊ុយក្រែននៅពេលណាមួយ។ សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ស្ថិតក្នុងចំណោមប្រទេសដែលបានប្រាប់ដល់ពលរដ្ឋរបស់ពួកគេឲ្យចាកចេញ។

ក្រុងមូស្គូបានដាក់ពង្រាយកងទ័ពរបស់ខ្លួនជាង ១០ម៉ឺននាក់នៅតាមព្រំដែនជាមួយប្រទសអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីបានច្រានចោលម្ដងហើយម្ដងទៀតថា ខ្លួនគ្មានបំណងឈ្លានពានឡើយ។ នៅក្នុងករណីនេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ការព្រមានពីការចូលឈ្លានពានអាចបង្កឲ្យមានភាពស្លន់ស្លោ ដែលលោកថា មិត្តល្អនៃសត្រូវរបស់យើង។ ចំណែកសេតវិមានបានព្រមានថា ការឈ្លានពានណាមួយអាចកើតឡើងបានគ្រប់ពេលវេលា ហើយអាចចាប់ផ្ដើមដោយការទម្លាក់គ្រាប់បែកពីអាកាស។ បុគ្គលិកគ្មានភារកិច្ចសំខាន់ត្រូវបានបញ្ជាឲ្យចាកចេញពីស្ថានទូតអាមេរិកនៅក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែន ហើយក្រុមបុគ្គលិកកុងស៊ុលត្រូវបានផ្អាកចាប់ពីថ្ងៃអាទិត្យម្សិលមិញ តែបុគ្គលិកមួយចំនួនតូចនៅតែរក្សាទុកឲ្យប្រចាំការនៅក្នុងទីក្រុងវីវ (Lviv) ភាគខាងលិចដើម្បីចាត់ចែងការងារបន្ទាន់។
សារព័ត៌មានកាណាដាបានរាយការណ៍ថា ប្រទេសកាណាដាក៏បានផ្លាស់បុគ្គលិកស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុងវីវដែរ ដែលស្ថិតនៅជិតព្រំដែនជាប់ជាមួយប៉ូឡូញ។ ចំណែកឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅប្រទេសអ៊ុយក្រែនលោកស្រី Melinda Simmons បានសរសេរនៅលើបណ្ដាញ tweeter ថា លោកស្រី និងក្រុមការងារសំខាន់មួយកំពុងស្នាក់នៅក្នុងទីក្រុងគៀវនៅឡើយ។ ចំណែកប្រទេសរុស្ស៊ីវិញបានទាត់ចោលការចោទប្រកាន់ដែលថា ខ្លួនបានដកបុគ្គលិកទូតទាំងអស់របស់ខ្លួនចេញពីអ៊ុយក្រែន ខណៈដែលស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងគៀវនៅតែកំពុងធ្វើប្រតិបត្តិការនៅឡើយ៕
អត្ថបទ៖ សុខមាន