សភាអ៊ីស្រាអែល បានអនុម័តការពិនិត្យដំបូងនៃសេចក្តីស្នើច្បាប់ដែលណែនាំឲ្យមានទោសប្រហារជីវិតសម្រាប់អំពើភេរវកម្ម ។
វិសោធនកម្មក្រមព្រហ្មទណ្ឌស្នើសុំដោយរដ្ឋមន្រ្តីសន្តិសុខជាតិស្តាំនិយមជ្រុលលោក Itamar Ben-Gvir ត្រូវបានអនុម័តជាមួយសំឡេងគាំទ្រ ៣៩ ទល់នឹង ១៦ នៅក្នុងសភាមានសមាជិក ១២០នាក់ កាលពីថ្ងៃចន្ទ ជាការបង្ហាញថា វាមាននូវការគាំទ្រពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ។

យោងតាមអត្ថបទស្នើច្បាប់ បានឲ្យដឹងថា ទោសប្រហារជីវិតនឹងដាក់លើបុគ្គលណាដែលសម្លាប់ពលរដ្ឋអ៊ីស្រាអែលចេញពីហេតុប្រកាន់ពូជសាសន៍ ដោយមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់រដ្ឋអ៊ីស្រាអែល និងការរស់ឡើងវិញរបស់ជនជាតិជ្វីហ្វនៅលើទឹកដីរបស់ពួកគេ ។
ការប៉ុនប៉ងដាក់ឲ្យប្រើប្រាស់ច្បាប់ស្រដៀងគ្នា បានបរាជ័យកាលពីមុន ។ សំណើច្បាប់បច្ចុប្បន្នត្រូវឆ្លងកាត់ការពិនិត្យលើកទី ២ និងការពិនិត្យលើកទី ៣ មុនពេលវាក្លាយជាច្បាប់ ៕
