រដ្ឋមន្ត្រីការបរទេសទួរគី និងអេហ្ស៊ីប នឹងពិភាក្សាអំពីបទឈប់បាញ់ នៅតំបន់ហ្កាហ្សា និងកិច្ចប្រឹងប្រែងអន្តរជាតិ ក្នុងការកសាងដែនដីនេះឡើងវិញ នៅពេលដែលសង្រ្គាមបានបញ្ចប់ ក្នុងអំឡុងពេលមានកិច្ចពិភាក្សានៅទីក្រុងអង់ការ៉ា នាថ្ងៃទី១២ ខែវិច្ឆិកា។ នេះបើតាមប្រភពពីក្រសួងការបរទេសទួរគី ដែលបានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារ (ទី១១ ខែវិច្ឆិកា) នេះ។
ក្នុងនាមជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ប្រទេសទួរគី គឺជាអ្នករិះគន់ខ្លាំងបំផុត ចំពោះការវាយលុករយៈពេល ២ឆ្នាំរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដោយចាត់ទុកការធ្វើបែបនេះថា ជាការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ ជាការចោទប្រកាន់ដែលអ៊ីស្រាអែលបដិសេធ។
រួមជាមួយអេហ្ស៊ីប និងកាតា ប្រទេសនេះបានជួយសម្របសម្រួលឲ្យមានបទឈប់បាញ់ដ៏ផុយស្រួយមួយ ដោយបានលេចមុខជាតួអង្គសំខាន់ និងប្តេជ្ញាត្រួតពិនិត្យការអនុវត្តយ៉ាងតឹងរ៉ឹង ចំពោះកិច្ចព្រមព្រៀងនេះ។

ប្រភពបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan នឹងធ្វើជាម្ចាស់ផ្ទះទទួលសមភាគីអេហ្ស៊ីប លោក Badr Abdelatty សម្រាប់កិច្ចពិភាក្សា នៅថ្ងៃទី១២ ខែវិច្ឆិកា ស្តីពីលទ្ធភាព សម្រាប់ដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក។
ប្រភពដដែលបានប្រាប់ទៀតថា លោក Fidan នឹង «បញ្ជាក់ថា ទោះបីជាមានរំលោភការបំពានរបស់អ៊ីស្រាអែលក៏ដោយ ក៏ភាគីប៉ាឡេស្ទីនកំពុងប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃបទឈប់បាញ់ និងគ្រប់គ្រងដំណើរការ ក្នុងវិធីដ៏វិជ្ជមាន» ដោយបានបន្ថែមទៀតថា លោក Fidan ក៏នឹងកត់សម្គាល់ពីតម្រូវការ ដើម្បីឲ្យមហាអំណាចពិភពលោកជួយកសាងដែនដីនេះឡើងវិញ ហើយលើកឡើងម្ដងទៀតនូវការស្នើផ្តល់របស់ទួរគី ក្នុងការដើរតួនាទី ក្នុងកិច្ចប្រឹងប្រែងបែបនេះ៕


