អ្នកនាំពាក្យសហភាពអឺរ៉ុប (EU) នៅថ្ងៃអង្គារ (ទី១១ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា គណៈកម្មការអឺរ៉ុប កំពុងពិចារណាបង្កើតក្រុមស៊ើបការណ៍សម្ងាត់ពិសេសមួយ ដើម្បីពង្រឹងសន្តិសុខ ស្របពេលមានការលំបាកផ្នែកភូមិសាស្ត្រនយោបាយ ដោយបានបន្ថែមថា គំនិតផ្តួចផ្តើមនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយទេ។
អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «យើងកំពុងស្ថិតនៅក្នុងបរិយាកាសនយោបាយ និងភូមិសាស្ត្រដែលមានការប្រកួតប្រជែង ហើយគណៈកម្មការនេះ កំពុងតែពិនិត្យមើល អំពីថា តើត្រូវពង្រឹងសន្តិសុខ និងសមត្ថភាពស៊ើបការណ៍សម្ងាត់របស់ខ្លួនយ៉ាងដូចម្ដេច»។
សារព័ត៌មាន Financial Times បានរាយការណ៍នៅមុននេះថា គណៈកម្មការបានចាប់ផ្តើមបង្កើតស្ថាប័នចារកម្មថ្មីមួយ ក្រោមការដឹកនាំរបស់លោកស្រីប្រធាន Ursula von der Leyen ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ព័ត៌មានដែលប្រមូលបានដោយទីភ្នាក់ងារចារកម្មជាតិនានា។
ដោយដកស្រង់សម្តីពីបុគ្គល ៤រូបដែលបានសង្ខេបប្រាប់អំពីផែនការនេះ សារព័ត៌មាននេះ បានឲ្យដឹងទៀតថា អង្គភាពនេះដែលនឹងត្រូវបានបង្កើតឡើងនៅខាងក្នុងអគ្គលេខាធិការដ្ឋានរបស់គណៈកម្មការ គ្រោងនឹងជួលមន្ត្រីមកពីទូទាំងសហគមន៍ចារកម្មរបស់ EU និងប្រមូលផ្តុំការស៊ើបការណ៍សម្ងាត់ សម្រាប់គោលបំណងរួមគ្នា៕