យោធាអ៊ីស្រាអែល និងមន្ត្រីប៉ាឡេស្ទីន បាននិយាយថា អ្នកតាំងលំនៅឋានអ៊ីស្រាអែលបិទបាំងមុខ បានគប់ដុំថ្ម និងដុតរថយន្តដឹកទឹកដោះគោ បំផ្លាញដីស្រែចម្ការ និងដុតសំណង់នៅសហគមន៍ Bedouin បណ្តាលឲ្យមនុស្សបួននាក់រងរបួសកាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ជាការវាយប្រហាររបស់អ្នកតាំងលំនៅឋានក្នុងតំបន់កាន់កាប់ West Bank។ កងទ័ពបាននិយាយថា ទាហានបានប្រញាប់ប្រញាល់ទៅកាន់ក្រុង Beit Lid និងក្រុង Deir Sharaf បន្ទាប់ពីជនស៊ីវិលអ៊ីស្រាអែលពាក់ម៉ាស់រាប់សិបនាក់បានវាយប្រហារទៅលើជនជាតិប៉ាឡេស្ទីន និងបានដុតបំផ្លាញទ្រព្យសម្បត្តិ។

កងកម្លាំងសន្តិសុខបានបំបែកការប្រឈមមុខដាក់គ្នានេះ។ នគរបាលអ៊ីស្រាអែលនិយាយថា ជនសង្ស័យអ៊ីស្រាអែលបួននាក់ត្រូវបានចាប់ខ្លួននិងឃុំខ្លួនដើម្បីសាកសួរ។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា អ្នកតាំងលំនៅឋានបានធ្វើការវាយប្រហារយ៉ាងហោចណាស់២៦៤លើក លើពលរដ្ឋប៉ាឡេស្ទីនក្នុងខែតុលា ជាចំនួនខ្ពស់បំផុតប្រចាំខែចាប់តាំងពីអង្គការសហប្រជាជាតិ ចាប់ផ្តើមតាមដានឧបទ្ទវហេតុក្នុងឆ្នាំ២០០៦។ អាជ្ញធរប៉ាឡេស្ទីន លោក Muayyad Shaaban បាននិយាយថា អ្នកតាំងលំនៅឋានបានដុតរថយន្តចំនួន៤គ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទឹកដោះគោ Junaidi ដុតតំបន់ធ្វើកសិកម្ម និងបន្ទប់ដាក់សំណប៉ាហាំង និងតង់របស់គ្រួសារសហគមន៍ Bedouin ខណៈក៏បានគប់ដុំថ្មទៅលើអ្នកស្រុក។

ជាលំនៅឋានរបស់ពលរដ្ឋប៉ាឡេស្ទីនចំនួន២,៧លាននាក់ តំបន់West Bank គឺជាបេះដូងនៃផែនការសម្រាប់រដ្ឋប៉ាឡេស្ទីននាពេលអនាគត។ រដ្ឋាភិបាលអ៊ីស្រាអែល បានពង្រីកការតាំងលំនៅឋានជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស ដោយបានបែងចែកដីធ្លី។
អង្គការសហប្រជាជាតិ ប៉ាឡេស្ទីន និងប្រទេសភាគច្រើន បានចាត់ទុកការតាំងលំនៅឋាននេះថាជារឿងខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។ ប៉ុន្តែអ៊ីស្រាអែលបានជំទាស់នឹងរឿងនេះ ។