តុលាការអាល្លឺម៉ង់មួយកាលពីថ្ងៃអង្គារ បានកាត់ទោសបុរសស៊ីរីបីនាក់ឲ្យជាប់ពន្ធនាគារ ពីបទពាក់ព័ន្ធនឹងក្រុមភេរវករបរទេស ក្នុងអំឡុងសង្គ្រាមស៊ីវិល បន្ទាប់ពីការកាត់ក្តី ដែលមានរយៈពេលជាងមួយឆ្នាំ។
ជនជាប់ចោទទាំងបីនាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយផ្នែកថា ជា Amer Tarak A., Sohail A. និង Basel O. បានទទួលទោស ចាប់ពី ៤ឆ្នាំកន្លះ ដល់ជិត ១០ ឆ្នាំ ពីតុលាការទីក្រុងមុយនិច។
អ្នកទាំងបី ជាសមាជិកនៃក្រុមឧទ្ទាមប្រដាប់អាវុធមួយឈ្មោះថា Liwa Jund Al-Rahman ដែលលោក Amer Tarak A. ត្រូវបានចោទប្រកាន់ថា បានបង្កើតឡើង ហើយពីរនាក់ទៀត ក៏ត្រូវបានរកឃើញថា មានទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមផងដែរ។

ក្រុមនេះ បានប្រយុទ្ធប្រឆាំងនឹងមេដឹកនាំស៊ីរីលោក បាសា អាល់អាសាដ ( Bashar al-Assad) ហើយក្រោយមកបានរួមបញ្ចូលជាមួយក្រុមជីហាដដេស(Daesh)។
លោក Amer Tarak A. ត្រូវបានចោទប្រកាន់ថា បានដណ្តើមយកការគ្រប់គ្រងវាលប្រេងមួយ នៅខេត្ត Deir Ezzor ភាគខាងកើតប្រទេសស៊ីរី ដោយប្រើប្រាស់ប្រាក់ចំណេញ ដើម្បីផ្តល់មូលនិធិដល់ក្រុមប្រដាប់អាវុធរបស់ខ្លួន និងធ្វើឲ្យគ្រួសារមានជីវភាពធូរធារ៕
