យោងតាមការអះអាងរបស់អង្គការអន្តោប្រវេសន៍អន្តរជាតិ(IOM)នៃអង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ជនអន្តោប្រវេសន៍ ៤២នាក់ រួមទាំងជនអន្តោប្រវេសន៍ ២៩នាក់ មកពីប្រទេសស៊ូដង់ ៨នាក់ មកពីប្រទេសសូម៉ាលី ៣នាក់ មកពីប្រទេសកាមេរូន និង ២នាក់ មកពីប្រទេសនីហ្សេរីយ៉ា បានបាត់ខ្លួននៅក្នុងសមុទ្រ ហើយត្រូវបានគេស្មានថាស្លាប់ ចាប់តាំងពីទូករបស់ពួកគេ បានក្រឡាប់នៅជិតតំបន់ឆ្នេរ ប្រទេសលីប៊ី ។

IOM និយាយនៅថ្ងៃពុធនេះ ដោយលើកឡើងពីសម្តីរបស់អ្នករស់រានថា ទូកពោងរបស់ពួកគេដឹកជនអន្តោប្រវេសន៍ ៤៩នាក់ បានក្រឡាប់កាលពីថ្ងៃទី ៣ ខែវិច្ឆិកាកន្លងទៅ រយៈពេល ៦ម៉ោង ក្រោយចាកចេញពីទីក្រុងតំបន់ឆ្នេរភាគពាយ័ព្យ Zuwara របស់លីប៊ី ។
ពួកគេបន្តថា អ្នកដំណើរ ៧នាក់ នៅរស់អណ្តែតក្នុងសមុទ្ររយៈពេល ៦ថ្ងៃ ហើយត្រូវបានជួយសង្រ្គោះ កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ដោយក្រុមរុករក និងជួយសង្រ្គោះលីប៊ី ។
យោងតាមតួលេខពីគម្រោងជនអន្តោប្រវេសន៍បាត់ខ្លួនរបស់ IOM បានឲ្យដឹងថា ឧបទ្ទេវហេតុនេះ ក្លាយជាការប៉ុនប៉ងឆ្លងកាត់ភាគកណ្តាលសមុទ្រមេឌីរ៉ាណេស្លាប់មនុស្សចុងក្រោយគេ ជាទីដែលជនអន្តោប្រវេសន៍ជាង ១ពាន់នាក់ ព្យាយាមធ្វើដំណើរទៅដល់អឺរ៉ុប បានស្លាប់ ក្នុងឆ្នាំនេះ ។
IOM បាននិយាយទៀតថា ការលិចនាវាចុងក្រោយនេះ បង្ហាញពីតម្រូវការបន្ទាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ បង្កើនផ្លូវអន្តោប្រវេសន៍សុវត្ថិភាព ហើយនិងប្រតិបត្តិការរុករក និងជួយសង្រ្គោះប្រកបដោយប្រសិទ្ធិភាព ដើម្បីការពារការបាត់បង់ជីវិតមនុស្សបន្ថែមទៀត ៕
