បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជាបានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ក្រោយធ្វើបានយ៉ាងល្អក្នុងការប្រកួតដំបូងនៃយុទ្ធនាការប្រកួតពានរង្វាន់ AFF U23 Championship 2022 ពូល A ដោយបានយកឈ្នះក្រុម U23 ប្រ៊ុយណេក្នុងលទ្ធផល ៦-០ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់គ្រាប់បាល់ជ័យជម្នះបើកទំព័រការប្រកួតផ្លូវការដំបូងរបស់គោព្រៃជំទង់កម្ពុជា លើទឹកដីថ្មីនៃវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ ធ្វើសម្រេចដោយកីឡាករ ៦នាក់ផ្សេងគ្នារួមមានកីឡាករ សៀង ចន្ធា (នាទី១៨), កីឡាករ ញន សុស៊ីដាន (នាទី២០), កីឡាករ សារ ទី (នាទី៣២), កីឡាករ តាំង ប៊ុនឆៃ (នាទី៧២), កីឡាករ ស រតនា (នាទី៨៦) និងគ្រាប់ចុងក្រោយធ្វើសម្រេចកីឡាករ ណារ៉ុង កក្កដា នៅនាទី៨៨។

ជ័យជម្នះនេះបានធ្វើឲ្យក្រុម U23 កម្ពុជាក្លាយជាក្រុមដំបូងដែលរកបាន ៣ពិន្ទុក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022 ដើម្បីឈរកំពូលតារាងពូល A ជាបណ្ដោះអាសន្នតាមពីក្រោយដោយក្រុម U23 ទីម័រខាងកើត និងហ្វីលីពីនដែលមាន ១ពិន្ទុក្នុងដៃក្រោយប្រកួតបើកឆាកស្មើគ្នា ២-២។ រីឯប្រកួតបន្ទាប់កម្ពុជានឹងត្រូវជួបហ្វីលីពីននាថ្ងៃទី១៧ ខែកុម្ភៈខាងមុខនៅពហុកីឡដ្ឋានជាតិមរតកតេជោដដែល៕
អត្ថបទ៖ លី ឈុនឡា