គណៈវិនិច្ឆ័យនៅតុលាការសហព័ន្ធក្នុងទីក្រុងឈីកាហ្គោ របស់សហរដ្ឋអាមេរិក បានចេញដីកា កាលពីថ្ងៃពុធ (១២ វិច្ឆិកា) បង្គាប់ឱ្យក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង បង់ប្រាក់ជាង ២៨លានដុល្លារអាមេរិក ដល់គ្រួសាររបស់បុគ្គលិកបរិស្ថានអង្គការសហប្រជាជាតិម្នាក់ ដែលបានស្លាប់ក្នុងសោកនាដកម្មធ្លាក់យន្តហោះ 737 MAX ឆ្នាំ២០១៩ នៅប្រទេសអេត្យូពី។

សាលក្រមនេះ បានសម្រេចឈរខាងក្រុមគ្រួសារជនរងគ្រោះ ឈ្មោះ Shikha Garg ហើយជាបណ្តឹងដំបូងបង្អស់ក្នុងចំណោមបណ្តឹងរាប់សិបករណី ដែលបានប្តឹងប៊ូអ៊ីង បន្ទាប់ពីមានឧបទ្ទវហេតុឆ្នាំ២០១៩នោះ និងគ្រោះថ្នាក់មួយទៀតនៅឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០១៨ ដែលសម្លាប់មនុស្សសរុប ៣៤៦នាក់។

យោងតាមមេធាវីរបស់គ្រួសារជនរងគ្រោះ បានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃពុធនោះ គ្រួសារជនរងគ្រោះ Garg នឹងទទួលបាន ៣៥,៨៥លានដុល្លារ — ដែលជាចំនួនទឹកប្រាក់ក្នុងសាលក្រមពេញលេញ បូកនឹងការប្រាក់ ២៦% — ហើយក្រុមហ៊ុនប៊ូអ៊ីង នឹងមិនប្តឹងឧទ្ធរណ៍ឡើយ។ ក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ប៊ូអ៊ីងបាននិយាយថា ក្រុមហ៊ុនមានការសោកស្តាយយ៉ាងខ្លាំងចំពោះអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ លើជើងហោះហើរដែលជួបគ្រោះថ្នាក់ទាំងពីរនោះ។
គួររម្លឹកថា នៅឆ្នាំ២០១៩ ជើងហោះហើរលេខ៣០២ របស់ក្រុមហ៊ុនអាកាសចរណ៍ អេត្បូពី អ៊ែរឡាញ ចេញពីទីក្រុង អាឌីស អាបេបា ប្រទេសអេត្យូពី ទៅកាន់ទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា បានធ្លាក់ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះក្រោយហោះឡើង នេះបើយោងតាមមេធាវីគ្រួសាររងគ្រោះ។ នៅឆ្នាំ២០១៨ សោកនាដកម្មមួយផ្សេងទៀតបានកើតឡើង ដោយជើងហោះហើរលេខ៦១០ របស់ក្រុមហ៊ុន Lion Air បានធ្លាក់ចូលសមុទ្រជ្វា ក្នុងប្រទេសឥណ្ឌូនេស៊ី៕