រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃពុធថា អំពើហិង្សាជាបន្តបន្ទាប់ចុងក្រោយបង្អស់ដោយអ្នកតាំងលំនៅអ៊ីស្រាអែល នៅក្នុងតំបន់វេសបែង (West Bank) អាចរីករាលដាល និងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់ហ្កាហ្សា។

នៅពេលដែលត្រូវបានសួរថាតើព្រឹត្តិការណ៍នៅតំបន់វេសបែង អាចធ្វើឲ្យបង្កគ្រោះថ្នាក់ដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សាដែរឬទេ លោក Rubio បានថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 នៅប្រទេសកាណាដាថា៖«ខ្ញុំសង្ឃឹមថា នឹងមិនមានផលប៉ះពាល់ទេ។ «យើងមិនរំពឹងថា វានឹងកើតឡើងទេ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីធានាថា ការប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព មិនកើតឡើងទេ»៕
