មន្ត្រីការពារជាតិ នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា មេទ័ពអាកាសរបស់ប្រទេសឥណ្ឌា បានធ្វើការចុះចតជាពិធីសម្ពោធនូវយន្តហោះដឹកជញ្ជូនយោធា នៅឯមូលដ្ឋានទ័ពអាកាសថ្មីមួយដែលអាចឲ្យយន្តហោះចម្បាំងធ្វើប្រតិបត្តិការ នៅជិតតំបន់ព្រំដែនហិមាល័យដែលមានជម្លោះជាមួយប្រទេសចិន។

ព្រឹត្តិការណ៍នេះកើតឡើងចំពេលដែលមានការផ្សះផ្សាទំនាក់ទំនង រវាងប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២ បន្ទាប់ពីមានកិច្ចព្រមព្រៀងដ៏សំខាន់មួយ កាលពីខែតុលាឆ្នាំមុន ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា នៅតាមព្រំដែនជាក់ស្តែងរបស់ភាគីទាំង២ និងដំណើរទស្សនកិច្ចនៅឆ្នាំនេះទៅកាន់ប្រទេសចិនដោយនាយករដ្ឋមន្ត្រី លោក Narendra Modi។
មន្ត្រីដែលបានសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារបញ្ហានេះគឺជារឿងរសើប បានបន្ថែមថា មេទ័ពអាកាស លោក Marshal A. P. Singh បានចុះចតយន្តហោះ C-130J កាលពីថ្ងៃពុធ នៅឯទីតាំងកងទ័ពអាកាស Mudh-Nyoma ក្នុងទីក្រុង Ladakh ដែលមានកម្ពស់ប្រហែល ១៣.០០០ហ្វីត (៤.០០០ម៉ែត្រ) ពីលើនីវ៉ូទឹកសមុទ្រ។
កងទ័ពអាកាសឥណ្ឌា និងក្រសួងការពារជាតិ មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters។ មូលដ្ឋានទ័ពអាកាសថ្មី ដែលជាទីតាំងសំខាន់ទី៣ របស់តំបន់ មានចម្ងាយត្រឹមតែ ៣០គីឡូម៉ែត្រ ពីបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង (LAC) ជាមួយប្រទេសចិន៕
