កងកម្លាំងប្រដាប់អាវុធហ្គាណានិយាយថានៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សយ៉ាងហោច ៦នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ជាន់គ្នានៅពិធីជ្រើសរើសទាហាន ក្នុងរដ្ឋធានី Accra របស់ប្រទេសហ្គាណា ។
សេចក្តីថ្លែងការណ៍បន្តថា ឧបទ្ទេវហេតុនេះ បានកើតឡើងនៅក្នុងពហុកីឡដ្ឋាន El Wak ពេលដែលអ្នកដាក់ពាក្យដ៏ច្រើនសន្ធឹកសន្ធាប់ពុំនឹកស្ថានដល់ បានបំពានពិធីសារសន្តិសុខ និងនាំគ្នាសម្រុកចូលតាមច្រកទ្វារមុនពេលត្រួតពិនិត្យតាមការកំណត់ ។

លោក Caleb Boateng វ័យ ២១ឆ្នាំ គឺជាអ្នកដាក់ពាក្យមួយរូបរស់រានពីការជាន់គ្នានេះ បានវិលត្រឡប់ទៅកាន់កន្លែងកើតហេតុវិញ និងបាននិយាយរៀបរាប់ពីហេតុការណ៍វឹកវរពេលដែលច្រកទ្វារបើក ។
លោក Boateng និយាយថា ពេលដែលពួកគេបើកទ្វារ អ្នកមើលឃើញមនុស្សយ៉ាងច្រើនប្រជ្រៀតគ្នាសម្រុកចូល អ្នកខ្លះដួល អ្នកខ្លះស្លាប់ ។ រថយន្តគិលានសង្រ្គោះ បានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជនរងគ្រោះមួយចំនួន មិនអាចសង្រ្គោះអាយុជីវិតបានឡើយ ។
លោកបានរិះគន់ផងដែរដល់ការរៀបចំពិធីជ្រើសរើសទាហានេះ ដោយលោកបញ្ជាក់ថា មានតែបុគ្គលិកម្នាក់ប៉ុណ្ណោះ ដែលរៀបចំឯកសារសម្រាប់សេវាទាំង ៣ គឺកងទ័ពអាកាស កងទ័ពជើងទឹក និងកងទ័ពជើងគោក ៕
