នគរបាលនិយាយថា រថយន្តតូរីសដឹកភ្ញៀវទេសចរចិនមួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃសុក្រនេះ នៅកោះទេសចរណ៍បាលី ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្ស ៥នាក់ និងមនុស្ស ៩នាក់ផ្សេងទៀត រងរបួស ។
រថយន្តតូរីសនេះ ស្ថិតនៅលើផ្លូវកោង និងជម្រាល ក្នុងស្រុក Buleleng ភាគខាងជើងកោះបាលី ពេលដែលគ្រោះថ្នាក់កើតឡើង ។
នគរបាលនិយាយថា ភ្ញៀវទេសចរចិន ៥នាក់ រួមមានស្រ្តី ៣នាក់ និងបុរស ២នាក់ បានស្លាប់នៅក្នុងឧបទ្ទេវហេតុនេះ ខណៈដែលអ្នកបើកបរ និងអ្នកដំណើរ ៨នាក់ផ្សេងទៀត រងរបួសស្រាល ។
លោក Bachtiar Arifin គឺជាមន្រ្តីនគរបាលចរាចរណ៍ក្នុងស្រុក និយាយថា អ្នកបើកបរមិនអាចគ្រប់គ្រងរថយន្តបាន បណ្តាលឲ្យរថយន្តធ្លាក់ចូលក្នុងកសិដ្ឋានមួយកន្លែង រួចបុកជាមួយដើមឈើ ហើយគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។
លោកថា នគរបាលបានជូនដំណឹងទៅកាន់ស្ថានកុងស៊ុលចិនពីហេតុការណ៍គ្រោះថ្នាក់ខាងលើ ហើយស្ថានកុងស៊ុល កំពុងទាក់ទងគ្រួសារអ្នកដំណើរដែលជាប់ពាក់ព័ន្ធ ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស គឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មានពលរដ្ឋរស់នៅ ២៨០លាននាក់មួយនេះ ជាទីដែលច្បាប់ចរាចរណ៍ ពុំត្រូវបានអើពើ ហើយរថយន្តពុំបានថែទាំឲ្យបានត្រឹមត្រូវ ៕