នៅថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា) នេះ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ទាហានរបស់កូរ៉េខាងជើងដែលបានជួយរុស្ស៊ីទប់ទល់ការលុកលុយដ៏ធំរបស់អ៊ុយក្រែន នៅតំបន់ Kursk ភាគខាងលិចរបស់ខ្លួន ឥឡូវនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបោសសម្អាតតំបន់មានគ្រាប់មីន។
ក្រោមកិច្ចព្រមព្រៀងការពារទៅវិញទៅមក រវាងប្រទេសទាំង២ កូរ៉េខាងជើង កាលពីឆ្នាំមុន បានបញ្ជូនទាហានប្រហែល ១៤.០០០នាក់ ទៅជួយប្រយុទ្ធរុស្ស៊ី នៅតំបន់ Kursk ហើយជាង ៦.០០០នាក់ ត្រូវបានសម្លាប់។ នេះបើយោងតាមប្រភពពីកូរ៉េខាងត្បូង អ៊ុយក្រែន និងលោកខាងលិច។

កងកម្លាំងអ៊ុយក្រែន បានវាយលុកឆ្លងព្រំដែន កាលពីសីហា ឆ្នាំ២០២៤ ហើយបានបន្តកាន់កាប់ដែនដីនេះជាច្រើនខែ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីខែមេសាថា ទីបំផុត រុស្ស៊ីបានវាយបណ្តេញពួកគេចេញហើយ ដោយមានជំនួយពីកូរ៉េខាងជើង។
តួនាទីដ៏សំខាន់របស់កូរ៉េខាងជើង នៅក្នុងប្រតិបត្តិការដោះមីនរបស់រុស្ស៊ី បង្ហាញពីបំណងប្រាថ្នារបស់ភាគីទាំង២ ក្នុងការធ្វើឲ្យកាន់ប្រសើរឡើងបន្ថែមទៀត ក្នុងទំនាក់ទំនងយោធារបស់ប្រទេសទាំង២ ដែលមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយកាលពីខែមុនថា នឹង «មានវឌ្ឍនភាពឥតឈប់ឈរ»។
វីដេអូដែលត្រូវបានចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញឲ្យឃើញទាហានកូរ៉េខាងជើងកំពុងត្រូវបានណែនាំពីប្រភេទគ្រាប់មីន និងឧបករណ៍រាវមីន ដោយចូលរួមក្នុងវគ្គហ្វឹកហ្វឺន និងច្រៀងចម្រៀងស្នេហាជាតិ៕
