ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រ ថា លោកទំនងជានឹងប្តឹងប្រព័ន្ធផ្សព្វផ្សាយ BBC នៅសប្តាហ៍ក្រោយ ទាមទារ៥ពាន់លានដុល្លារ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសមួយនេះបានសារភាពថា ខ្លួនបានកែសម្រួលខុសនៃវីដេអូក្នុងសុន្ទរកថា ប៉ុន្តែបានទទូចថា ពុំមានមូលដ្ឋានផ្លូវច្បាប់សម្រាប់ការទាមទាររបស់លោកនោះទេ។

សាជីវកម្មផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសមួយនេះ បានធ្លាក់ចូលទៅក្នុងវិបត្តិធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បន្ទាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ពីររូបបានលាលែងពីតំណែងក្រោយការចោទប្រកាន់ពីភាពលំអៀង រួមទាំងការកែសម្រួលសុន្ទរកថារបស់លោក Trump កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១ នៅពេលដែលអ្នកគាំទ្ររបស់លោកបានសម្រុកចូលវិមានកាពីតូល។
ដំបូងឡើយ មេធាវីរបស់លោក Trump បានដាក់ថ្ងៃផុតកំណត់ថ្ងៃសុក្រសម្រាប់ BBC ដើម្បីដកឯកសាររបស់ខ្លួន បើមិនដូច្នេះទេត្រូវប្រឈមបណ្តឹង «មិនតិចជាង១ពាន់លានដុល្លារនោះទេ។ ពួកគេក៏បានទាមទារឲ្យមានការសូមអភ័យទោស និងសំណងសម្រាប់អ្វីដែលគេហៅថា «ការខូចកេរ្តិ៍ឈ្មោះ និងហិរញ្ញវត្ថុដ៏លើសលប់» ។
ប្រព័ន្ធផ្សព្វផ្សាយBBC ដែលបានទទួលស្គាល់ពីការកែសម្រួលរបស់ខ្លួនលើសុន្ទរកថារបស់លោក Trump គឺជា «កំហុសនៃការវិនិច្ឆ័យ» បានផ្ញើការសូមអភ័យទោសផ្ទាល់ខ្លួនទៅកាន់ Trump កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែបាននិយាយថា ខ្លួននឹងមិនចាក់ផ្សាយឡើងវិញនូវឯកសារនេះទេ ហើយបានច្រានចោលការអះអាងពីការបរិហារកេរ្តិ៍។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One នៅពេលលោកធ្វើដំណើរទៅរដ្ឋ Florida នៅចុងសប្តាហ៍នេះថា «យើងនឹងប្តឹងពួកគេចន្លោះពី១ពាន់លានដុល្លារទៅ៥ពាន់លានដុល្លារ ប្រហែលជានៅសប្តាហ៍ក្រោយ»។
