ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា ការផ្ទុះដ៏ខ្លាំងមួយ បានធ្វើកក្រើកតំបន់ឧស្សាហកម្ម ហើយបានបង្កជាអគ្គិភ័យឆាបឆេះ នៅភាគខាងត្បូងនៃទីក្រុង Buenos Aires កាលពីយប់ថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា) ដោយមានមនុស្សយ៉ាងហោចណាស់ ២២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

អភិបាលក្រុង Ezeiza ជាទីដែលហេតុការណ៍បានកើតឡើង លោក Gaston Granados បាននិយាយថា៖ «ការផ្ទុះ និងអគ្គិភ័យដែលកើតមានឡើងនៅក្នុងរោងចក្រផ្សេងៗគ្នា គឺមានទំហំធំណាស់»។
លោកអភិបាលក្រុងរូបនេះបានបន្ថែមថា មូលហេតុនៃការផ្ទុះនេះមិនទាន់ដឹងនៅឡើយទេ។ វីដេអូពីទូរទស្សន៍ បានបង្ហាញឲ្យឃើញផ្សែងហុយទ្រលោមចេញពីតំបន់ឧស្សាហកម្មនោះ។ ហើយលោក Granados បានប្រាប់ថា៖ «យើងកំពុងព្យាយាមគ្រប់គ្រង (អគ្គិភ័យ) និងពន្លត់វា ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ»។
នាយកមន្ទីរពេទ្យ លោក Carlos Santoro បានប្រាប់ថា កន្លែងរបស់លោក បានទទួលអ្នករបួសចំនួន ២២នាក់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រោងចក្រចំនួន ៥ បានរងគ្រោះដោយការផ្ទុះ និងអគ្គិភ័យនេះ។ តំបន់ឧស្សាហកម្មនេះ មានក្រុមហ៊ុនផលិតសំបកកង់ ផលិតផលគីមី ក្នុងចំណោមផលិតផលផ្សេងៗទៀត៕
