អ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN)លោក Stephane Dujarric និយាយថា អគ្គលេខាធិការ UN លោក Antonio Guterres បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារយានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំរបស់សហព័ន្ធរុស្ស៊ីលើតំបន់ជាច្រើនរបស់អ៊ុយក្រែន ។
ក្រុមមន្ត្រីអ៊ុយក្រែនបានប្រាប់ឲ្យដឹងថា រុស្ស៊ីបានបើកការវាយប្រហារយានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោច ៦នាក់ នៅក្នុងទីក្រុងគីវ និង ២នាក់ទៀតនៅតំបន់ភាគខាងត្បូងអ៊ុយក្រែន អំឡុងការវាយប្រហារលើទីតាំងថាមពល អគារផ្ទះល្វែង និងហេដ្ឋារចនាសម្ព័ន្ធ ។

លោក Dujarric និយាយថា ការវាយប្រហារប្រឆាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បានបំពានច្បាប់មនុស្សធម៌អន្តរជាតិ ។ ពួកគេមិនអាចទទួលយកបានទេ គ្រប់ទីកន្លែងដែលបានកើតឡើង ហើយវាត្រូវតែបញ្ចប់ជាបន្ទាន់ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា កងកម្លាំងរុស្ស៊ី បានប្រើប្រាស់យានដ្រូនចំនួន ៤៣០គ្រឿង និងមីស៊ីល ១៨គ្រាប់ ហើយទីក្រុងគីវ កំពុងឆ្លើយតបជាមួយនឹងការវាយប្រហាររយៈចម្ងាយឆ្ងាយ ។
លោកបន្តថា នេះគឺជាការវាយប្រហារទ្រង់ទ្រាយធំបំផុតមួយលើរដ្ឋធានីរបស់អ៊ុយក្រែនមកទល់ពេលនេះ។
ខណៈពេលនោះដែរ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា យានដ្រូន និងមីស៊ីលភាគច្រើន ត្រូវបានបាញ់ទម្លាក់ ប៉ុន្តែការធ្លាក់កម្ទេចកម្ទី និងអគ្គិភ័យ បានធ្វើឲ្យខូចខាតអគារផ្ទះល្វែងខ្ពស់ៗ សាលា និងអគាររដ្ឋបាលនៅទូទាំងតំបន់ចំនួន ៩ ក្នុងទីក្រុងដែលមានប្រជាជនប្រហែល ៣លាននាក់ ៕
