ភាគហ៊ុនដែលពឹងផ្អែកលើចំណូលវិស័យទេសចរណ៍របស់ជប៉ុនបានធ្លាក់ចុះនៅថ្ងៃចន្ទទី១៧វិច្ឆិកានេះ ខណៈភាពតានតឹងជាមួយប្រទេសចិនកាន់តែខ្លាំង បន្ទាប់ពីទីក្រុងប៉េកាំងបានចេញការព្រមានអំពីការធ្វើដំណើរ និងការសិក្សាសម្រាប់ពលរដ្ឋចិន ដែលកំពុងពិចារណាទៅប្រទេសជប៉ុន។

ក្រុមហ៊ុនសម្ផស្ស និងគ្រឿងសម្អាង Shiseido ដែលពឹងផ្អែកយ៉ាងខ្លាំងលើការចំណាយរបស់ពលរដ្ឋចិន បានធ្លាក់ចុះ១១%។ ក្រុមហ៊ុន Isetan Mitsukoshi Holdings ដែលជាក្រុមហ៊ុនមេនៃហាងលក់ទំនិញ Mitsukoshi និង Isetan បានខាតបង់ជាង១០%។
ក្រុមហ៊ុនទេសចរណ៍ Oriental Land ដែលជាប្រតិបត្តិករនៃក្រុមហ៊ុន Tokyo Disney Resort បានធ្លាក់ចុះ ៤,៤៧%។ ភាគហ៊ុនរបស់ប្រតិបត្តិករអាកាសចរណ៍ ANA Holdings បានធ្លាក់ចុះ ៣,៤៨។ ក្រុមហ៊ុន Hankyu Hanshin Holdings ដែលជាប្រតិបត្តិករផ្លូវដែក លក់រាយ និងសណ្ឋាគារ បានធ្លាក់ចុះជាង ២%។
ការណែនាំអំពីការធ្វើដំណើររបស់ទីក្រុងប៉េកាំងបានលើកឡើងពីហានិភ័យកើនឡើងសម្រាប់ជនជាតិចិន បន្ទាប់ពីការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ថាការប្រើប្រាស់កម្លាំងយោធានៅក្នុងជម្លោះតៃវ៉ាន់ណាមួយអាចត្រូវបានចាត់ទុកថាជា ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត ។
បណ្ដាក្រុមហ៊ុនអាកាសចរណ៍ចិន បានឆ្លើយតបដោយផ្តល់ការសងប្រាក់វិញពេញលេញ ឬការផ្លាស់ប្តូរផែនការធ្វើដំណើរដោយឥតគិតថ្លៃ សម្រាប់ជើងហោះហើរទៅកាន់ប្រទេសជប៉ុន៕

