ការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសឈីលី កំពុងតម្រង់ឆ្ពោះទៅរកការបោះឆ្នោតជុំទី២ នៅខែធ្នូ ដែលជាការប្រឈមមុខគ្នា រវាងអតីតរដ្ឋមន្ត្រីការងារឆ្វេងនិយម លោកស្រី Jeannette Jara និងមេដឹកនាំស្តាំនិយមជ្រុល លោក Jose Antonio Kast។
បើយោងតាមអាជ្ញាធររៀបចំការបោះឆ្នោត Servel បានឲ្យដឹងថា ដោយសន្លឹកឆ្នោតប្រហែល ៨៣ភាគរយត្រូវបានរាប់កាលពីថ្ងៃអាទិត្យ (ទី១៦ ខែវិច្ឆិកា) លោកស្រី Jara បាននាំមុខជាមួយនឹងសំឡេង ២៦,៧១ភាគរយ តាមមកដោយលោក Kast ដែលទទួលបាន ២៤,១២ភាគរយ។
ក្នុងសេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រធានាធិបតី នៅទីក្រុង Santiago លោកប្រធានាធិបតី Gabriel Boric បានទទួលស្គាល់លោកស្រី Jara និងលោក Kast ថា ជាអ្នកនាំមុខគេឆ្ពោះទៅកាន់ជុំទី២ នាថ្ងៃទី១៤ ខែធ្នូ។ លោកក៏បានអបអរសាទរបេក្ខជនទាំង២ ដោយចាត់ទុកថា ជា «ថ្ងៃដ៏អស្ចារ្យនៃលទ្ធិប្រជាធិបតេយ្យ»។
គួរបញ្ជាក់ថា បេក្ខជនចំនួន ៨រូប បានបង្ហាញមុខនៅលើសន្លឹកឆ្នោត កាលពីថ្ងៃអាទិត្យ ប៉ុន្តែនឹងត្រូវការសំឡេង ៥០ភាគរយបូកមួយ ដើម្បីឈ្នះការបោះឆ្នោតសំឡេងភាគច្រើនដាច់ខាត ដែលមិនចាំបាច់ឲ្យមានការប្រកួតប្រជែងជុំទី២។
ទោះបីជានាំមុខគេក្នុងជុំទី១ ក៏ដោយ ក៏លោកស្រី Jara វ័យ ៥១ឆ្នាំ ត្រូវប្រឈមនឹងការប្រជែងខ្លាំងមួយ ដោយសារគូប្រជែងរបស់លោកស្រី កំពុងផ្តល់ការគាំទ្រដល់លោក Kast ដែលជាស្ថាបនិកនៃគណបក្សសាធារណរដ្ឋស្តាំនិយមជ្រុល។
ការបោះឆ្នោតកាលពីថ្ងៃអាទិត្យនោះ ត្រូវបានគ្របដណ្ដប់ដោយការធុញថប់ជាសាធារណៈកាន់តែខ្លាំងឡើងៗ ជុំវិញការកើនឡើងនូវអំពើឃាតកម្ម ការចាប់ជំរិត និងការជំរិតទារប្រាក់៕
