ស្វាយរៀង៖ ភ្នាក់ងារទូរទស្សន៍ BTV បានរាយការណ៍ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានក្រុមឧក្រិដ្ឋជនមួយក្រុមបានសម្រុកចូលក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ដោយមានប្រដាប់អាវុធផងនោះ បានភ្ជង់សមត្ថកិច្ចរំដោះយកជនសង្ស័យដែលសមត្ថកិច្ចកំពុងដឹកតាមរថយន្តនាំយកចូលតុលាការបន្តនីតិវិធី។
តាមប្រភពព័ត៌មានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនបានប្រើរថយន្តមួយគ្រឿងម៉ាក លុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CA-0692 ចូលភ្ជង់សមត្ថកិច្ចពេលដឹកជនសង្ស័យមួយក្រុមនាំមកឱ្យតុលាការអនុវត្តនីតិវិធីច្បាប់ ខណៈដែលរថយន្តដឹកជនសង្ស័យឈប់ក្នុងបរិវេណតុលាការ ក្រុមឧក្រិដ្ឋជនក៏ដកអាវុធភ្ជង់ ហើយនាំជនសង្ស័យឡើងរថយន្តលុចស៊ីសបើកគេចចេញទៅ។ ភ្លាមៗសមត្ថកិច្ចបានអន្តរាគមន៍ដែរ តែក្រុមឧក្រិដ្ឋជន បានបើកការបាញ់ប្រហារមកលើសមត្ថកិច្ច ហើយសមត្ថកិច្ចក៏ផ្ទុះអាវុធការពារតបតវិញ។
មកដល់ម៉ោង១០៖៣០នាទីព្រឹក ប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថកិច្ចបាននឹងកំពុងដេញតាមរថយន្តក្រុមឧក្រិដ្ឋជន៕




