ក្រសួងរតនាគារអាមេរិក បានឲ្យដឹងកាលពីថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា)ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើក្រុមហ៊ុនប្រេងដ៏សំខាន់របស់រុស្ស៊ី គឺ Rosneft និង Lukoil កំពុងជួយកាត់បន្ថយរួចហើយនូវប្រាក់ចំណូលពីប្រេងរបស់រុស្ស៊ី ហើយទំនងជាបន្ថយបរិមាណប្រេងរុស្ស៊ីដែលបានលក់ក្នុងរយៈពេលវែង។
ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់រតនាគារ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវិភាគរបស់ខ្លួន អំពីផលប៉ះពាល់ទីផ្សារដំបូងនៃការដាក់ទណ្ឌកម្មដែលត្រូវបានប្រកាសកាលពីថ្ងៃទី២២ ខែតុលា បង្ហាញថា ចំណាត់ការនេះ «កំពុងជះឥទ្ធិពលតាមការគ្រោងទុក ក្នុងការបន្ទច់បង្អាក់ប្រាក់ចំណូលរបស់រុស្ស៊ីដោយធ្វើឲ្យតម្លៃប្រេងរបស់រុស្ស៊ីធា្លក់ទាប ហើយបន្ទាប់មក ប៉ះពាល់ដល់សមត្ថភាពរបស់ប្រទេសនេះ ក្នុងការផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន»។

វិធានការរបស់ក្រសួងរតនាគារ ស្ថិតក្នុងចំណោមទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតរបស់សហរដ្ឋអាមេរិក គិតចាប់តាំងពីមានការឈ្លានពានពេញលេញរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយក៏ជាទណ្ឌកម្មដោយផ្ទាល់ជាលើកដំបូងដែលដាក់ដោយលោកប្រធានាធិបតី Donald Trump លើរុស្ស៊ី ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងខែមករា។
ការដាក់ទណ្ឌកម្មបានដាក់ចេញថ្ងៃផុតកំណត់ថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីក្រុមហ៊ុននានាផ្ដាច់ទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុន Rosneft និង Lukoil។ ក្រុមហ៊ុនបំពាននឹងវិធានការនេះ អាចត្រូវបានកាត់ចេញពីប្រព័ន្ធហិរញ្ញវត្ថុពឹងលើប្រាក់ដុល្លារ។ ប៉ុន្តែគេមិនទាន់ច្បាស់នោះទេថា តើក្រសួងរតនាគារ នឹងអនុវត្តទណ្ឌកម្មនេះយ៉ាងដូចម្ដេច។ ប្រទេសទិញប្រេងរុស្ស៊ីធំជាងគេបំផុតចំនួន ២ គឺចិន និងឥណ្ឌា៕

