រដ្ឋមន្ត្រីនៃរដ្ឋាភិបាលទីក្រុងគីវមួយរូបបានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ុយក្រែន គ្រោងនឹងទាមទារប្រាក់សំណងជិត ៤៤ពាន់លានដុល្លារអាមេរិក ពីរុស្ស៊ី ដោយសារតែការខូចខាតយ៉ាងធ្ងន់ធ្ងរទាក់ទងនឹងអាកាសធាតុ ពោលគឺការឡើងកម្ដៅបរិយាកាសពីការបំភាយឧស្ម័នពុលនៅក្នុងសង្គ្រាមដែលកំពុងបន្ត។

ចំណាត់ការនេះគឺជាលើកទីមួយហើយដែលប្រទេសមួយទាមទារសំណងសម្រាប់ការខូចខាតទាក់ទងនឹងការបំភាយឧស្ម័នបែបនេះ រួមទាំងការបំភាយពីឥន្ធនៈហ្វូស៊ីល ស៊ីម៉ងត៍ និងដែកថែប ដែលប្រើប្រាស់ក្នុងចម្បាំង និងពីការបំផ្លិចបំផ្លាញដើមឈើតាមរយៈចំហេះពីប្រតិបត្តិការយោធាជាដើម។
លោក Pavlo Kartashov អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បរិស្ថាន និងកសិកម្មរបស់អ៊ុយក្រែន បាននិយាយក្នុងបទសម្ភាសន៍មួយខាងក្រៅកិច្ចប្រជុំកំពូលអាកាសធាតុ COP30 នៅប្រេស៊ីលថា "ការខូចខាតជាច្រើនត្រូវបង្កឡើងទៅលើទឹក ដី និងព្រៃឈើ ហើយអ៊ុយក្រែនមានបរិមាណដ៏ច្រើននៃការបំភាយឧស្ម័នពុលកាបូនឌីអុកស៊ីត និងឧស្ម័នផ្ទះកញ្ចក់"។
អ្នកជំនាញគណនេយ្យលើឧស្ម័នកាបូនឌីអុកស៊ីតជនជាតិហូឡង់ លោក Lennard de Klerk ប៉ាន់ប្រមាណថា សង្រ្គាមនេះបាននាំឱ្យមានការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតបន្ថែម ប្រហែល ២៣៧លានតោន ចាប់តាំងពីប្រតិបត្តិការយោធារុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក។ លោក De Klerk និយាយថា លោកជួយអ៊ុយក្រែន គណនាតួលេខខូចខាត ប្រហែល ១៨៥ដុល្លារក្នុងមួយតោន។
គេនៅតែមិនច្បាស់ឡើយថាតើសំណងនេះនឹងបានមកពីណា។ លោក De Klerk បង្ហើបថា ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាររបស់រុស្ស៊ីដែលត្រូវបង្កក អាចយកទៅទូទាត់លើការទាមទារសំណងនេះ៕

