ជិតពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកចំនួន ៨,២ ពាន់លាននាក់ រស់នៅក្នុងទីក្រុងនានាទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ។

ទស្សនវិស័យនគរូបនីយកម្មពិភពលោកឆ្នាំ ២០២៥៖ សេចក្តីសង្ខេបនៃលទ្ធផលបានបង្ហាញថា ពិភពលោក បានក្លាយជាទីក្រុងកាន់តែច្រើនឡើង ដោយចំនួនប្រជាជនរស់នៅក្នុងទីក្រុង បានកើនឡើងទ្វេដងដល់ ៤៥ ភាគរយ ចាប់តាំងពីឆ្នាំ១៩៥០ នៅពេលដែលមានតែ ២០ ភាគរយនៃប្រជាជន ២,៥ ពាន់លាននាក់របស់ពិភពលោក រស់នៅក្នុងទីក្រុង។
ចំនួនទីក្រុងធំៗ ដែលជាតំបន់ទីក្រុងដែលមានប្រជាជន ១០ លាននាក់ ឬច្រើនជាងនេះ បានកើនឡើង ៤ ដងពី ៨ ក្នុងឆ្នាំ ១៩៧៥ ដល់ ៣៣ ក្នុងឆ្នាំ ២០២៥ ដោយទីក្រុងចំនួន ១៩ ស្ថិតនៅក្នុងទ្វីបអាស៊ី។

របាយការណ៍ដែលចេញផ្សាយដោយនាយកដ្ឋានសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ីបច្ចុប្បន្ន គឺជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក ដែលមានប្រជាជនជិត ៤២ លាននាក់។ ចំនួនទីក្រុងធំៗ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣៧ នៅឆ្នាំ ២០៥០។
ទោះបីជាទីក្រុងធំៗមានភាពលេចធ្លោក៏ដោយ របាយការណ៍នេះ បានរកឃើញថា ទីក្រុងតូចៗ និងមធ្យមមានប្រជាជនច្រើនជាងទីក្រុងធំៗ ហើយកំពុងរីកចម្រើនក្នុងល្បឿនលឿនជាងមុន ជាពិសេសនៅអាហ្វ្រិក និងអាស៊ី។
ក្នុងចំណោមទីក្រុងចំនួន ១២.000 ដែលត្រូវបានវិភាគ ៩៦ ភាគរយ មានប្រជាជនតិចជាង ១ លាននាក់ និង ៨១ ភាគរយ មានប្រជាជនតិចជាង ២៥០.000នាក់៕