ប្រទេសហ្សំប៊ីនឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីចិន នៅថ្ងៃពុធ (ទី១៩ ខែវិច្ឆិកា) នេះ ដែលជាលើកដំបូងក្នុងរយៈពេល ២៨ឆ្នាំ ស្របពេលដែលរដ្ឋអនុតំបន់សាហារ៉ាមួយនេះងើបចេញពីវិបត្តិហិរញ្ញវត្ថុ ដោយទីក្រុងប៉េកាំងចង់មានលទ្ធភាពទទួលបានវត្ថុធាតុដើម និងអភិវឌ្ឍទីផ្សារឲ្យកាន់តែធំ សម្រាប់ក្រុមហ៊ុននាំចេញរបស់ខ្លួន។
ចិនគឺជាម្ចាស់បំណុលផ្លូវការដ៏ធំបំផុតជាងគេរបស់ហ្សំប៊ី ដែលបានជំពាក់ចំនួន ៥,៧ពាន់លានដុល្លារ ហើយចង់បង្ហាញប្រទេសនានាថា ប្រទេសនេះគឺជាសមាជិកគំរូនៃគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវរបស់លោកប្រធានាធិបតី Xi Jinping។

ជាមួយគ្នានេះ ប្រទេសចិនបានប្រាប់ថា ខ្លួនក៏ចង់បង្ហាញផងដែរពីរបៀបដែលប្រទេសតំបន់អាហ្វ្រិកមួយនេះ អាចងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុ ដោយសារជំនួយរបស់ខ្លួន។
ការធ្វើដំណើរទៅដល់របស់នាយករដ្ឋមន្ត្រី លោក Li Qiang នៅទីក្រុង Lusaka គឺជាផ្នែកមួយនៃការជំរុញឲ្យកាន់តែស៊ីជម្រៅនូវវត្តមានរបស់ប្រទេសចិន នៅក្នុងប្រទេសដែលសម្បូរធានធានទង់ដែង ខណៈដែលអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងប្រជែងគ្នា ដើម្បីក្លាយជាអ្នកផ្តល់អត្ថប្រយោជន៍ជំនួសផ្សេង ក្រោយបំណុលចំនួន ១៣,៤ពាន់លានដុល្លាររបស់ហ្សំប៊ី គឺស្ថិតនៅក្នុងផែនការសងបំណុលប្រកបដោយនិរន្តរភាពបន្ថែមទៀត៕
