ប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកាថា អ៊ុយក្រែនសង្ឃឹមថានឹងស្រោចស្រង់ឡើងវិញនូវការដោះដូរឈ្លើយសឹកសង្គ្រាមជាមួយរុស្ស៊ីនៅចុងឆ្នាំនេះ។ ថ្លែងរួមជាមួយប្រធានាធិបតីទួរគី លោក Tayyip Erdogan នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងអង់ការ៉ា លោកបាននិយាយថា អ៊ុយក្រែនពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ទួរគីដើម្បីជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ី។

លោក Zelenskyy និយាយថា «យើងបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពក្នុងផ្នែកការទូត។ ពេលនេះដំណើរការជាច្រើនកាន់តែមានភាពសកម្ម ហើយយើងកំពុងព្យាយាមដើម្បីធានាបានថាសកម្មភាពទាំងអស់មានគោលបំណងជាក់លាក់ចំពោះសន្តិភាព»។

សហរដ្ឋអាមេរិក បានផ្តល់សញ្ញាទៅកាន់ប្រធានាធិបតី លោក Volodymyr Zelenskiy ថា អ៊ុយក្រែនត្រូវតែទទួលយកក្របខ័ណ្ឌដែលបានព្រាងដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដែលស្នើឱ្យទីក្រុងគីវបោះបង់ចោលទឹកដីនិងអាវុធមួយចំនួន នេះបើយោងតាមមនុស្សពីរនាក់ដែលដឹងច្បាស់អំពីបញ្ហា បាននិយាយកាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា។
ប្រភពព័ត៌មានបាននិយាយថា សំណើទាំងនោះរួមមានការកាត់បន្ថយទំហំកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ក្នុងចំណោមបញ្ហាផ្សេងទៀត។ ប្រភពព័ត៌មាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ចង់ឱ្យទីក្រុងគីវទទួលយកចំណុចសំខាន់ៗ។ ផែនការបែបនេះនឹងបង្ហាញពីការបរាជ័យដ៏ធំសម្រាប់ទីក្រុងគីវខណៈ ប្រឈមទៅនឹងការដណ្តើមយកទឹកដីបន្ថែមទៀតពីសំណាក់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។