បម្រាមគោចរ បានចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែវិច្ឆិកា) នៅក្នុងទីក្រុងមួយរបស់ប្រទេសនេប៉ាល់ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងសកម្មជនវ័យក្មេង និងក្រុមអ្នកស្មោះត្រង់ ចំពោះអតីតគណបក្សកាន់អំណាចដែលត្រូវបានផ្ដួលរំលំ អំឡុងការបះបោរដ៏អាក្រក់មួយ កាលពីខែកញ្ញា។
មន្ត្រីតំបន់មួយរូប បាននិយាយថា វិធានការនេះត្រូវបានដាក់ចេញ ជាថ្ងៃទី២ សម្រាប់ទីក្រុង Simara ជាទីក្រុងតូច ក្នុងតំបន់ Bara នៅភាគខាងត្បូងនៃរដ្ឋធានី Kathmandu របស់នេប៉ាល់។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីក្រុមបាតុករវ័យក្មេង បានប្រមូលផ្តុំគ្នាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ខណៈដែលព្រឹត្តិការណ៍មួយទៀត ត្រូវបានធ្វើឡើងដោយគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានទម្លាក់ចេញពីអំណាច គឺលោក K.P. Sharma Oli។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើង ដែលខ្លះកើតឡើងនៅក្បែរអាកាសយានដ្ឋាន ដោយបើតាមសេចក្ដីរាយការណ៍ គឺដោយសារក្រុមរបស់លោកអតីតនាយករដ្ឋមន្ត្រី បានវាយប្រហារលើបាតុករវ័យក្មេង។
អភិបាលតំបន់ Bara លោក Dharmendra Kumar Mishra បានប្រាប់សារព័ត៌មានថា៖ «យើងកំពុងព្យាយាមធ្វើឲ្យស្ថានការណ៍ធម្មតាឡើងវិញ ហើយអំពាវនាវឲ្យក្រុមទាំង ២ ធ្វើការសន្ទនាគ្នា។ បម្រាមគោចរត្រូវបានដាក់នាពេលនេះ»។
លោក Mishra បាននិយាយថា អ្នកវាយប្រហារ ២នាក់ ត្រូវបានចាប់ខ្លួន។ អ្នកនាំពាក្យនគរបាលនេប៉ាល់បានប្រាប់ថា គ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះឡើយ ក្នុងអំឡុងការប៉ះទង្គិចគ្នា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា។ បាតុករក្មេងៗ បានធ្វើបាតុកម្មម្តងទៀតនៅថ្ងៃទី២០ វិច្ឆិកានេះ ដើម្បីទាមទារឲ្យចាត់វិធានការលើអ្នកដែលវាយប្រហារពួកគេ៕