ប្រធានាធិបតីនីហ្សេរីយ៉ាលោក Bola Tinubu បានពន្យាពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់អាហ្វ្រិកខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មរីកលូតលាស់ G20 ដោយរូបលោកសន្យាបង្កើនកិច្ចខិតខំ សង្រ្គោះសិស្សស្រីសាលា ២៤នាក់ ដែលត្រូវបានចាប់ពង្រាត់ដោយក្រុមប្រដាប់អាវុធកាលពីដើមសប្តាហ៍នេះ ។
អ្នកនាំពាក្យប្រធានាធិបតីនីហ្សេរីយ៉ាលោក Bayo Onanuga និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Tinubu បានផ្អាកការចេញដំណើររបស់លោក ក្រោយករណីចាប់ពង្រាត់ក្មេងៗសិស្សស្រីសាលា និងការវាយប្រហារព្រះវិហារដាច់ដោយឡែកមួយទៀត ដែលក្រុមខ្មាន់កាំភ្លើងសម្លាប់មនុស្ស ២នាក់ ។
លោក Tinubu គ្រោងនឹងចាកចេញពីប្រទេសរបស់លោកកាលពីថ្ងៃពុធ រយៈពេលប៉ុន្មានថ្ងៃមុនជំនួបកំពូលរយៈពេល ២ថ្ងៃនៃក្រុមប្រទេស G20 គ្រោងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ខាងមុខនេះ ។
លោក Onanuga និយាយថា ក្រោយករណីបំពានសន្តិសុខនៅរដ្ឋ Kebbi និងការវាយប្រហារកាលពីថ្ងៃអង្គារដោយក្រុមចោរព្រៃលើក្រុមអ្នកបួងសួងក្នុងព្រះវិហារសាវ័កគ្រិស្ត ស្ថិតក្នុងទីក្រុង Eruku លោកប្រធានាធិបតី Tinubu បានសម្រេចចិត្តផ្អាកការចេញដំណើររបស់លោក ទៅចូលរួមជំនួបកំពូលក្រុមប្រទេស G20 ។
សូមបញ្ជាក់ថា សិស្សស្រីសាលា ត្រូវបានចាប់ពង្រាត់ដោយក្រុមប្រដាប់អាវុធគ្មានអត្តសញ្ញាណចេញពីអនុវិទ្យាល័យមួយកន្លែង ស្ថិតនៅទីក្រុងភាគពាយ័ព្យ Maga រដ្ឋ Kebbi កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ៕