សារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២០ វិច្ឆិកា) ថា ស្ថិតិពីទីភ្នាក់ងារគយ និងការការពារព្រំដែនរបស់សហរដ្ឋអាមេរិក បានបង្ហាញថា អន្តោប្រវេសន៍នៅព្រំដែនភាគនិរតីរបស់សហរដ្ឋអាមេរិក ដែលជាសូចនាករនៃចំនួនជនអន្តោប្រវេសន៍ដែលព្យាយាមឆ្លងចូលទឹកដីអាមេរិកពីម៉ិកស៊ិក គឺធ្លាក់ចុះជិត ៩០% ដល់កម្រិតទាបបំផុតក្នុងពេលជាង ៥០ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ១៩៧០មក។

ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២៥នេះ លោកបានដាក់ចេញនូវការបង្ក្រាបលើអន្តោប្រវេសន៍ខុសច្បាប់ រួមទាំងការដកហូតសិទ្ធិរបស់អ្នកស្វែងរកសិទ្ធិជ្រកកោន ការនិរទេសក្នុងចំនួនកំណត់ត្រា និងកញ្ចប់ថវិការចំនួន ១៧០ពាន់លានដុល្លារ ដែលមិនធ្លាប់មានពីមុនមក សម្រាប់ការអនុវត្តច្បាប់អន្តោប្រវេសន៍។
ជាលទ្ធផល ច្រករបៀងរវាងក្រុង San Diego និងក្រុង Tijuana តាមព្រំដែនអាមេរិក-ម៉ិកស៊ិក ដែលជាច្រកអន្តរជាតិដ៏មមាញឹកបំផុតមួយក្នុងពិភពលោក បានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងពេលតិចជាងមួយឆ្នាំមកនេះ ដោយការប្រមូលផ្តុំដ៏ធំនៃជនអន្តោប្រវេសន៍នៅទីនោះ បានរលាយបាត់យ៉ាងទូលំទូលាយ។
យោងតាមការស្រាវជ្រាវមួយពីធនាគារកណ្ដាលនៃទីក្រុង San Francisco បានឱ្យដឹងថា ចំនួនអន្តោប្រវេសន៍សុទ្ធរបស់អាមេរិក ក្នុងឆ្នាំ២០២៥នេះ បានធ្លាក់ចុះខ្លាំង នៅត្រឹមប្រហែល ៥១៥.០០០នាក់ ពីតួលេខជិត ២លាននាក់ ក្នុងឆ្នាំ២០២៤។ អ្នកស្រាវជ្រាវនៅធនាគារនេះព្រមានថា ការធ្លាក់ចុះយ៉ាងគំហុកបែបនេះអាចនាំឱ្យកម្លាំងពលកម្មនៅក្នុងសហរដ្ឋអាមេរិក កើនឡើងយឺត ឬអាចធ្លាក់ចុះខ្លាំង ក្នុងប៉ុន្មានឆ្នាំខាងមុខ៕


