អ្នកនាំពាក្យក្រសួងការបរទេសបារាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉ារីសមានការព្រួយបារម្ភអំពីការបង្កើនការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ហើយក៏កំពុងអំពាវនាវឲ្យកងទ័ពអ៊ីស្រាអែលគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរីផងដែរ។

លោកបានបញ្ជាក់ថា៖«យើងមានការព្រួយបារម្ភអំពីការបង្កើនការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។ យើងថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងសម្លាប់ជនស៊ីវិល នៅភាគខាងត្បូងរបស់ប្រទេសនេះ។ ជំហររបស់យើង គឺការគោរពចំពោះបទឈប់បាញ់នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤»។

យោធាអ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមអាកាសនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃពុធ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ ខណៈដែលជំរុញយុទ្ធនាការវាយប្រហារស្ទើរតែរាល់ថ្ងៃ ដែលយោធានេះនិយាយថា ត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ការរស់ឡើងវិញនៃយោធារបស់ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ព្រំដែន។
អ្នកនាំពាក្យរូបនេះ បាននិយាយអំពីប្រទេសស៊ីរីថា៖«យើងកំពុងតាមដានការវិវត្តនៅក្នុងតំបន់ខ្ពង់រាប់ Golan Heights ដោយយក្តីបារម្ភយ៉ាងខ្លាំង។ ប្រទេសបារាំងអំពាវនាវឲ្យដកកងទ័ពអ៊ីស្រាអែល និងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី»៕