ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងរបាយការណ៍មួយថា ប្រមុខការពារជាតិនៃប្រទេសនេះ លោក Andrey Belousov និងអនុប្រធានគណៈកម្មការយោធាមជ្ឈិមចិន លោកឧត្តមសេនីយ៍ Zhang Youxia បានធ្វើកិច្ចពិភាក្សាគ្នា នៅទីក្រុងមូស្គូ។

របាយការណ៍នេះ បានឲ្យដឹងថា៖«រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បានជួបពិភាក្សាជាមួយអនុប្រធានគណៈកម្មការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន លោកឧត្តមសេនីយ៍ Zhang Youxia ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិន ទៅកាន់ទីក្រុងមូស្គូ»។

នៅក្នុងសុន្ទរកថាបើកកិច្ចពិភាក្សានោះ លោក Belousov បានរំលឹកថា ឆ្នាំនេះ គឺជាខួបលើកទី ៨០ នៃ «ជ័យជម្នះរួមគ្នារបស់យើងលើអាល្លឺម៉ង់ហ្វាស៊ីសនិយម និងជប៉ុនយោធានិយម»។ លោកបានថ្លែងថា៖ «ការចងចាំរបស់យើង ជួយយើងរក្សាសច្ចភាពប្រវត្តិសាស្ត្រ និងរក្សាឈ្មោះរបស់វីរបុរសដែលបានស្លាប់ ដែលជារឿងដ៏សំខាន់បំផុតនាពេលបច្ចុប្បន្ន នៅពេលដែលការប៉ុនប៉ងសរសេរប្រវត្តិសាស្ត្រឡើងវិញ កំពុងត្រូវបានធ្វើឡើងនោះ»៕