ក្រុមហ៊ុនអាកាសចរណ៍ចិនដ៏ធំមួយបាននិយាយថា ក្រុមហ៊ុននឹងកាត់បន្ថយជើងហោះហើរទៅកាន់ប្រទេសជប៉ុនចាប់ពីចុងខែនេះ ក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង ជុំវិញការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុនស្តីពីកោះតៃវ៉ាន់។

ក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Air China បានប្រកាសថា ជើងហោះហើររវាងទីក្រុងអូសាកា និងទីក្រុងសៀងហៃ នឹងត្រូវកាត់បន្ថយមកត្រឹម១៦វ៉ុលទៅមកក្នុងមួយសប្តាហ៍ពីចំនួន ២១ វ៉ុលក្នុងពេលបច្ចុប្បន្ន ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា រហូតដល់ចុងខែមីនា ឆ្នាំក្រោយ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក៏និយាយផងដែរថា សេវាកម្មរវាងទីក្រុងតូក្យូ និងទីក្រុងឆុងឈីង នឹងត្រូវកាត់បន្ថយមកត្រឹម ៤ វ៉ុលទៅមកក្នុងមួយសប្តាហ៍ ពីចំនួន ៧ វ៉ុលបច្ចុប្បន្ន ចាប់ពីថ្ងៃទី ១ ខែធ្នូ រហូតដល់ចុងខែមីនា ឆ្នាំក្រោយ។
ក្រុមហ៊ុនអាកាសចរណ៍ Air China និយាយថា ការកាត់បន្ថយនេះគឺដោយសារតែហេតុផលប្រតិបត្តិការ ប៉ុន្តែការសម្រេចនេះអាចត្រូវបានធ្វើឲ្យប៉ះពាល់ដោយការណែនាំរបស់រដ្ឋាភិបាលចិនសម្រាប់ពលរដ្ឋរបស់ខ្លួនឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ ទីក្រុងប៉េកាំង បានចេញការណែនាំនេះកាលពីសប្តាហ៍មុន បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បានថ្លែងសុន្ទរកថារបស់លោកស្រីអំពីកោះតៃវ៉ាន់កាលពីដើមខែនេះ។
ក្រុមហ៊ុនអាកាសចរណ៍ចិន កំពុងផ្តល់ឲ្យការផ្លាស់ប្តូរដោយឥតគិតថ្លៃក្នុងការកក់សំបុត្រ និងការលុបចោលសម្រាប់ជើងហោះហើរទៅ និងមកពីប្រទេសជប៉ុន។
