ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា អាស៊ានមានឧបសគ្គជាច្រើនដែលត្រូវរួមគ្នា ដើម្បីធានាធ្វើឲ្យអាស៊ានកាន់តែរឹមាំ។
ថ្លែងក្នុងពិធីជប់លៀងស្វាគមន៍គណៈប្រតិភូសមាជិកអាស៊ាន ដែលអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា ជាការសោកស្តាយចំពោះការខកខានរៀបចំកិច្ចប្រជុំកាលពីកន្លងទៅនៅខេត្តសៀមរាប ហើយប្តូរមកជាការរៀបចំនាពេលនេះ ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម បន្តថា ក្នុងឱកាសអញ្ជើញចូលរួមរបស់គណៈប្រតិភូច្បាស់ជាមានការភ្ញាក់ផ្អើលចំពោះភាពខុសប្លែកក្នុងរាជធានីភ្នំពេញ និងការរីកចម្រើនជាបន្តបន្ទាប់។
នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានកត់សម្គាល់ថា អាស៊ានមានឧបសគ្គជាច្រើនដែលទាមទារឲ្យទាំងអស់គ្នារួមគ្នា ដើម្បីធ្វើឲ្យអាស៊ានកាន់តែរឹងមាំ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា អាស៊ានជាគ្រួសារមូយដែលរឹងមាំ ហើយតែងតែជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជាពិសេសអ្នកដែលស្ថិតក្នុងកាលៈទេសៈដ៏លំបាក។
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន គឺជាការពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ សំដៅធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេលអាស៊ានបានថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្រ្ត ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលកាន់តែធន់រឹងមាំ ប្រកបដោយថាមពល ហើយពោរពេញដោយសន្តិភាព និងវិបុលភាព។
បន្ថែមលើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជម្រាបជូនក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបានក្នុងអំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្តារឡើងវិញប្រកបដោយបរិយាប័ន្ន ការប្រកួតប្រជែងភូមិសាស្រ្ត-នយោបាយ បញ្ហាជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំរបស់អាស៊ាន៕ អត្ថបទ សេក ឧត្តម